(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ស្ថានីយទូរទស្សន៍ជប៉ុនជាច្រើន បានចាក់ផ្សាយវីដេអូឃ្លីបបែបនេះ៖ មន្ត្រីជួររដ្ឋាភិបាលជប៉ុន ដែលមានទឹកមុខដ៏ម៉ឺងម៉ាត់ជាច្រើននាក់ បានប្រញាប់ប្រញាល់ចូលទៅក្នុង ទីស្នាក់ការទូទៅនៃក្រុមហ៊ុន SUZUKI ដើម្បីធ្វើកាត្រួតពិនិត្យរចំពោះ សហគ្រាសផលិតរថយន្តឈានមុខគេរបស់ជប៉ុននេះ ។ នៅប៉ុន្មានថ្ងៃមុន សហគ្រាសផលិតរថយន្ត របស់ជប៉ុនចំនួន ៥ ដែលបូករួមទាំងក្រុមហ៊ុន SUZUKI ផងដែរត្រូវបានទម្លាយឱ្យដឹងថា បានក្លែងបន្លំទិន្នន័យក្នុងដំណាក់កាលធ្វើតេស្ត ដែលបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានផ្តោត ការយកចិត្តទុកដាក់យ៉ាងខ្លាំង។ អ្នកវិភាគបានលើកឡើងថា ឧស្សាហកម្មរថយន្តគឺជា ឧស្សាហកម្មសសរទ្រទ្រូង នៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសជប៉ុន ហើយផលប៉ះពាល់ជាបន្តបន្ទាប់នៃរឿងអាស្រូវក្លែងបន្លំ អាចនឹងកាន់តែជ្រាលជ្រៅ។

រឿងអាស្រូវក្លែងបន្លំនៃសហគ្រាសផលិតរថយន្តរបស់ជប៉ុន ដែលត្រូវបានបែកធ្លាយលើកនេះ គឺ បានចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២៣ ។ នៅពេលនោះ អ្នកដាក់ពាក្យប្ដឹងម្នាក់ពីផ្ទៃក្នុងក្រុមហ៊ុនផលិតរថយន្ត DAIHATSU បានប្រគល់ឯកសារអំពីការក្លែងបន្លំពាក់ព័ន្ធនឹង ក្រុមហ៊ុននេះជូនទៅស្ថាប័នគមនាគមន៍របស់ជប៉ុន។ ខ្លឹមសារជាក់ស្តែងគឺថា នៅពេលដែលក្រុមហ៊ុន DAIHATSU បានបញ្ចប់ការធ្វើតេស្តនៃការបុកគ្នារបស់ ស៊េរីរថយន្តពាក់ព័ន្ធរួចហើយ ពួកគេបានក្លែងបន្លំទិន្នន័យធ្វើតេស្ត បន្ទាប់មក ក៏បានប្រគល់ជូនទៅស្ថាប័នត្រួតពិនិត្យ និងគ្រប់គ្រង។ កាលពីខែធ្នូ ឆ្នាំ ២០២៣ រដ្ឋាភិបាលជប៉ុនបានប្រកាសលទ្ធផលស៊ើបអង្កេតថា ប្រវត្តិសាស្រ្តក្លែងបន្លំរបស់ក្រុមហ៊ុនផលិតរថយន្ត DAIHATSU មានតាំងពីចុងទសវត្សរ៍ឆ្នាំ ៨០ នៃសតវត្សរ៍មុនមកម្ល៉េះ ពោលគឺ ទង្វើក្លែងបន្លំរបស់ក្រុមហ៊ុន DAIHATSU បានអូសបន្លាយជាង ៣០ ឆ្នាំ។

ដល់ចុងខែឧសភា ឆ្នាំនេះ បន្ទាប់ពីការស៊ើបអង្កេតបន្ថែមទៀត ស្ថាប័នគមនាគមន៍របស់ជប៉ុនបានរកឃើញថា "ករណីក្លែងបន្លំរបស់ ក្រុមហ៊ុន DAIHATSU "គ្រាន់តែជាមួយជ្រុងតូចនៃការក្លែងបន្លំ របស់សហគ្រាសផលិតរថយន្តជប៉ុនតែប៉ុណ្ណោះ ។ សហគ្រាសដែលពាក់ព័ន្ធនឹង ករណីក្លែងបន្លំក៏បូករួមទាំងស៊េរីរថយន្តចំនួន ៣៨ នៃសហគ្រាសផលិតរថយន្តសំខាន់ៗចំនួន ៥ របស់ជប៉ុន គឺ Toyota Honda Mazda Yamaha និង SUZUKI ក្នុងនោះ ក៏មានស៊េរីរថយន្តចំនួន ៦ នៅតែដាក់ឱ្យលក់ក្នុងទីផ្សារដដែល ។ រថយន្តដែលល្មើសនឹងច្បាប់កំណត់មានចំនួនលើសពី ៥ លានគ្រឿង កម្មវិធីក្លែងបន្លំពាក់ព័ន្ធនឹងខ្លឹមសារជាច្រើនដូចជា សុវត្ថិភាពអ្នកដំណើរ ការបុកគ្នា ពោងសុវត្ថិភាព សម្លេងរំញ័រនិងការបញ្ចេញផ្សែងពុលជាដើម។

កាលពីមុន ការផលិតដោយប្រទេសជប៉ុនមានភាពល្បីល្បាញដោយសារ "ស្មារតីវិជ្ជាជីវៈនៃផលិតករ" ប៉ន្តែ បច្ចុប្បន្ននេះ រឿងអាស្រូវក្លែងបន្លំជាបន្តបន្ទាប់ បានធ្វើឱ្យពន្លឺនៃម៉ាកយីហោល្បីឈ្មោះនេះ មានភាពកាន់តែងងឹតអាប់អួ។ មូលហេតុនៅពីក្រោយ គឺមានច្រើន។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ឧស្សាហកម្មផលិតកម្មរបស់ប្រទេសជប៉ុន ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ប៉ុន្តែប្រការនេះក៏បានបណ្តាលឱ្យសហគ្រាសមួយចំនួន ខ្វះមនសិការបង្ការវិបត្តិនិងពេញចិត្ត ចំពោះស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ហើយមិនចង់ធ្វើការច្នៃប្រឌិតថ្មីនិងកំណែទម្រង់ដ៏ចាំបាច់។

លើសពីនេះទៅទៀត ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងរបស់ជប៉ុន មានកង្វះខាតក្នុងការតាក់តែងស្តង់ដារ តាមដានត្រួតពិនិត្យនិងយន្តការ ដាក់ពិន័យជាដើមដែលធ្វើឱ្យសហគ្រាសមួយចំនួន អាចគេចវេះពីការត្រួតពិនិត្យនិងដាក់ពិន័យដោយងាយៗ បើមើលពីតថភាពជាក់ស្តែង អាចឃើញថា វាបានកាត់បន្ថយការបង់តម្លៃខាងការក្លែងបន្លំ។

ករណីក្លែងបន្លំដែលត្រូវបានបែកធ្លាយជាញឹកញាប់ ធ្វើឱ្យការផលិតដោយប្រទេសជប៉ុនធ្លាក់កូដ។ រដ្ឋាភិបាលនិងសហគ្រាស របស់ជប៉ុនចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួន ឱ្យបានស៊ីជម្រៅនិងធ្វើកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយកុំបំផ្លាញ ផលប្រយោជន៍ទាំងអ្នកដទៃ និងខ្លួនឯងតទៅទៀត។ ដូចកាសែត «The New York Times» ដែលបានចុះផ្សាយ បទអត្ថាធិប្បាយថា ប្រជាជនជប៉ុននិងអ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងលើពិភពលោកសុទ្ធតែរំពឹងថា បញ្ហាក្លែងបន្លំអាចទទួលបានការដោះស្រាយ យ៉ាងប្រាកដប្រជា ដែលធ្វើឱ្យរថយន្តកាន់តែមានសុវត្ថិភាពជាងមុន៕

វិទ្យុមិត្តភាពកម្ពុជាចិន