(ប៉េកាំង)៖ បច្ចុប្បន្ន ប្រទេសចិនមានបុណ្យប្រពៃណីធំៗចំនួនបួន គឺបុណ្យចូលឆ្នាំឬហៅថាបុណ្យរដូវផ្ការីក បុណ្យឆេងម៉េង បុណ្យសែននំចាំងនិងបុណ្យសែនព្រះខែ។ បុណ្យនីមួយៗមានប្រពៃណីនិងទំនៀមទម្លាប់ពិសេសខុសៗគ្នា ដែលបានបង្កើតជាវប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិចិន។

នៅថ្ងៃទី៥ ខែ៥ តាមប្រតិទិនចន្ទគតិចិនជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យទួនវូ ដែលតាមភាសាចិនហៅថា « 端午节 (Duan wu jie) »ឬអាចហៅថា«បុណ្យទូកនាគ» , «បុណ្យទួនយ៉ាង»ជាដើម ដែលជនជាតិខ្មែរនិយមហៅថា បុណ្យសែននំចាំង។ បើតាមកំណត់ត្រា បុណ្យសែននំចាំងមានប្រភពពីការគោរពបូជា ចំពោះបាតុភូតធម្មជាតិរបស់ជនជាតិចិនសម័យបុរាណ ពិសេសគឺការបូជាចំពោះសត្វនាគ អាស្រ័យហេតុនេះ វប្បធម៌សត្វនាគនិងទូកនាគបានដើរតួនាទីដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រនៃថ្ងៃបុណ្យសែននំចាំង។

ទាក់ទងនឹងប្រវត្តិនៃថ្ងៃបុណ្យសែននំចាំង មានការនិយាយតៗគ្នាជាច្រើន។ ក្នុងនោះ រឿងដែលផ្សព្វផ្សាយទូលំទូលាយបំផុត គឺការរម្លឹកវិញ្ញាណក្ខន្ធរបស់លោក Qu Yuan ជាកំពូលកវីស្នេហាជាតិនៃនគរ Chu ក្នុងសម័យ Zhanguo (សម័យសង្គ្រាម) ដែលបានបញ្ចប់ជីវិតរបស់ខ្លួនដោយសារឈឺចាប់នឹងការមើលឃើញនគររបស់ខ្លួនត្រូវវិនាស។ ប្រជានុរាស្ត្របាននាំគ្នាវេចកូនអន្សោម ( តាមភាសាចិនទៀជាវហៅថា ចាំង ) ហើយអុំទូកទៅកណ្តាលទន្លេដែលលោក Qu Yuan លោតសម្លាប់ខ្លួន រួចបោះនំចាំងទៅក្នុងទឹកដើម្បីបួងសួងកុំឱ្យត្រីស៊ីសាកសពរបស់លោក Qu Yuan។ ចំណេរតមក ក៏មានទំនៀមទម្លាប់សែននំចាំងនិងអុំទូកនាគក្នុងថ្ងៃបុណ្យសែននំចាំង។

ដោយសារទឹកដីនៃប្រទេសចិនធំទូលាយ ដូច្នេះប្រជាជនដែលរស់នៅតំបន់ទីទៃគ្នា មានទំនៀមទម្លាប់និងប្រពៃណីឆ្លងថ្ងៃបុណ្យសែននំចាំង ខុសៗគ្នា ប៉ុន្តែអ្វីដែលជាទម្លាប់មិនអាចខ្វះបានគឺការហូបនំចាំង។ អ្នករស់នៅភាគខាងជើងនៃប្រទេសចិននិយមចូលចិត្តហូបនំចាំង រសជាតិផ្អែម ដូចជាស្នូលសណ្តែកក្រហម និងពុទ្រាក្រហមជាដើម ឯអ្នករស់នៅភាគខាងត្បូងចូលចិត្តហូបនំចាំងរសជាតិប្រៃ ដែលមានស្នូលដូចនំអន្សោមជ្រូករបស់ខ្មែរ។ ចំណែកនំចាំងទឹកក្បុងវិញ បច្ចុប្បន្នមិនសូវមានអ្នកនិយមទទួលទានប៉ុន្មានទេ។
ការប្រណាំងទូកនាគជាសកម្មភាពដ៏សំខាន់មួយនៃថ្ងៃបុណ្យសែននំចាំង។ កាលពីសម័យបុរាណ ការប្រណាំងទូកនាគធ្វើឡើង ដើម្បីបូជាចំពោះវិហារស្តេចភុជង្គនាគ បួងសួងសុំឱ្យមានទឹកភ្លៀងបរិបូរ និងទទួលបានភោគផលដំណាំច្រើន។ បច្ចុប្បន្ន ក្រៅពីទនៀមទម្លាប់បួងសួង សូមឱ្យមានសេចក្តីសុខសេចក្តីចម្រើន និងមានទិដ្ឋផលច្រើន ការប្រណាំងទូកនាគបានក្លាយទៅជា កីឡាមួយប្រភេទ ដែលបង្ហាញពីភាពក្លៀវក្លានិ ងស្មារតីរួមសាមគ្គី ហើយក៏ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ថ្នាក់ជាតិរបស់ប្រទេសចិនផងដែរ។

ការបង្ការ «សត្វមានពិស ៥ ប្រភេទ» រួមមានសត្វខ្យាដំរី , ក្អែប , ពស់ , គីង្គត់និងជីងចក់ ជាទំនៀមទម្លាប់ដ៏សំខាន់ក្នុងថ្ងៃបុណ្យសែននំចាំង ។ ជនជាតិចិនសម័យបុរាណសម្គាល់ឃើញថា ពពួកសត្វមានពិសទាំងនេះមានសកម្មភាពច្រើនក្នុងខែ ៥ តាមចន្ទគតិចិន ដូច្នេះក៏រកឃើញវិធីមួយចំនួន ដើម្បីបង្ការកុំឱ្យសត្វទាំងនេះចូលផ្ទះរបស់ខ្លួន ដូចជាការហូបស្រា Realgar (ម្សៅរ៉ែម៉្យាង) និងការយកស្មៅម៉្យាង ឈ្មោះស្មៅ ai ដែលមានក្លិនឆួលប្រហើរទៅព្យួរនៅមុខទ្វារផ្ទះ ដែលគេជឿថាអាចបណ្តេញសត្វល្អិត និងសត្វមានពិស។ ក្រៅពីនេះ ជនជាតិចិននៅតំបន់ជាច្រើនក៏និយមប្រើស្មៅ ai ដែលហាលស្ងួតហើយកិនជាម្សៅលាយជាមួយ កម្ទេចរុក្ខជាតិឱសថបុរាណចិន ដែលហាលស្ងួតមួយចំនួនទៀត ដាក់ចូលក្នុងកូនថង់ក្រណាត់ ដែលហៅថា «ថង់ក្រអូប» រួចយកជាប់នឹងខ្លួន ដែលអាចជួយឱ្យមានស្មារតីភ្លឺស្វាងផង និងអាចបង្ការនិងបណ្តេញសត្វល្អិតផ្សេងៗផង។

នៅតំបន់មួយចំនួនស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន តាមតំណាលតៗគ្នាថាពន្លឺព្រះអាទិត្យពេលថ្ងៃត្រង់ ក្នុងថ្ងៃបុណ្យសែននំចាំងជាពន្លឺព្រះអាទិត្យ ដែលមាន «ធាតុឈ្មោល» ខ្លាំងបំផុត ហេតុដូច្នេះ ទឹកដែលស្ថិតក្រោមការចែងចាំង នៃពន្លឺព្រះអាទិត្យ ដូចជាទឹកអណ្តូងជាដើមត្រូវបានគេហៅថា «ទឹកថ្ងៃត្រង់» និងត្រូវបានចាត់ទុកជាទឹកដ៏ «ស័ក្តិសិទ្ធិ»។ តាមទម្លាប់ នៅចន្លោះម៉ោង ១២ ថ្ងៃត្រង់នៃថ្ងៃបុណ្យសែននំចាំង អ្នកផងបាននាំគ្នាទៅដងទឹកអណ្តូងមកងូត ដែលគេជឿថាអាចបណ្តេញ គ្រោះឧបទ្រពនិងនាំមកនូវសំណាងល្អ។ ក្រៅពីនេះ ក៏មានការយកម្សៅ Realgar មកលាយជាមួយ «ទឹកថ្ងៃត្រង់» ដើម្បីងូត ដែលគេជឿថាអាចការពារកុំឱ្យកើតចែងថ្ងៃនៅក្នុងរដូវក្តៅ។

ថ្ងៃបុណ្យសែននំចាំងដែលឆ្លុះបញ្ចាំងពី ការគោរពចំពោះស្មារតីស្នេហាជាតិមាតុភូមិ ស្មារតីសាមគ្គីភាព ពិសេសទំនៀមទម្លាប់ ប្រជាប្រិយដ៏សម្បូរបែប បានដិតជាប់ក្នុងហ្សែនរបស់ជនជាតិចិន រាប់ពាន់ឆ្នាំមកហើយ ឯការប្រតិបត្តិតាមទំនៀមទម្លាប់ និងប្រពៃណីថ្ងៃបុណ្យ គឺជាការបន្តវេននូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ ដែលជាមរតកខាងពុទ្ធិនិងជាបទពិសោធជីវិតដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ដូនតាឱ្យ បានគង់វង្សពីមួយជំនាន់ទៅមួយជំនាន់។

ការការពារ បន្តវេននិងផ្សព្វផ្សាយវប្បធម៌ជាតិ ជាកាតព្វកិច្ចរួមរបស់យើងគ្រប់រូប ដូចពាក្យខ្មែរបានពោលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន» និងពាក្យចិនមួយឃ្លាបានពោលថា «វប្បធម៌ប្រពៃណីជាគ្រឹះ នៃអរិយធម៌របស់មនុស្សជាតិ និងជាដួងវិញ្ញាណនៃប្រជាជាតិមួយ»។ ការមានជំនឿចិត្តលើវប្បធម៌ របស់ខ្លួន នឹងញ៉ាំងឱ្យប្រជាជាតិមួយកាន់តែមានមោទនភាព និងភាពជឿជាក់ក្នុងការលើកស្ទួយមុខមាត់ នៃប្រទេសជាតិរបស់ខ្លួន៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន