Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន ថារុស្ស៉ីមិនចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរ ដើម្បីធានាជ័យជម្នះនៅអ៊ុយក្រែនឡើយ (Video inside)

08-06-2024 14:10

(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីមិនចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរឡើយ ដើម្បីធានាជ័យជម្នះក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤។

ចាប់តាំងពីលោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ រូបលោកធ្លាប់បាននិយាយប៉ុន្មានលើកថា រុស្ស៉ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើចាំបាច់ត្រូវការពារខ្លួន ខណៈការអត្ថាធិប្បាយបែបនោះ ត្រូវក្រុមលោកខាងលិចមើលឃើញជា ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ។ យ៉ាងណាមិញ នៅពេលត្រូវបានសាកសួរ អំឡុងវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St Petersburg ថា តើរុស្ស៉ីគួរតែយក «កាណុងកាំភ្លើងនុយក្លេអ៊ែរភ្ជង់សៀតផ្កា» របស់លោកខាងលិច ជុំវិញសង្រ្គាមនុយក្លេអ៊ែរ​ ដែរឬក៏អត់នោះ លោក ពូទីន បានឆ្លើយតបថា រូបលោកមើលមិនឃើញ លក្ខខណ្ឌដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ។

លោកប្រធានាធិបតីរុស្ស៉ី បាននិយាយដូច្នេះថា «ការប្រើគឺអាចទៅរួច ប៉ុន្តែក្នុងករណីពិសេសជាទីបំផុត គឺនៅពេលមានការគំរាមកំហែង ចំពោះអធិបតេយ្យនិងបូរណភាពទឹកដី នៃប្រទេសរុស្ស៉ី។ ខ្ញុំមិនយល់ថា ករណីបែបនេះ បានមកដល់ហើយនោះទេ។ ដូច្នេះ វាពុំចាំបាច់អ្វីត្រូវធ្វើយ៉ាងដូច្នោះឡើយ»។ យ៉ាងណាក្តី លោក ពូទីន បានបន្តថា រូបលោកមិនច្រានលទ្ធភាព នៃការកែប្រែគោលលទ្ធិនុយក្លេអ៊ែររបស់ប្រទេសរុស្ស៉ីឡើយ ខណៈវាកំណត់ នូវលក្ខខណ្ឌដែលអាវុធនុយក្លេអ៊ែរ អាចត្រូវប្រើប្រាស់។ លោក ពូទីន ក៏បានបន្ថែមដែរថា ប្រសិនបើ​ចាំបាច់ រុស្ស៉ីអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរ ប៉ុន្តែសម្រាប់ពេលនេះ លោកមិនឃើញមានភាពចាំបាច់ ដើម្បីធ្វើបែបនោះទេ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានកាត់បញ្ចូលឧបទ្វីបគ្រីមៀ និងតំបន់៤ទៀតរបស់អ៊ុយក្រែន ជាផ្នែកនៃទឹកដីរបស់រុស្ស៉ី ខណៈដែលក្តីព្រួយបារម្ភបានកើតមានថា រុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមើលទៅ អ៊ុយក្រែនទំនងជាអាចដណ្តើមតំបន់ទាំងនោះ យកមកវិញ។ អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយដ្រូន និងមីស៉ីលលើគោលដៅរុស្ស៉ី ហើយបានប្តេជ្ញាថា នឹងវាយបណ្តេញកងកម្លាំងរុស្ស៉ីទាំងអស់ ​ចេញពីទឹកដីរបស់ខ្លួន។

ការជជែកដេញដោលជាសាធារណៈ ពាក់ព័ន្ធការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅលើឆាកអំឡុងវេទិកាសេដ្ឋកិច្ចដ៏សំខាន់របស់រុស្ស៉ី ហាក់ដូចជា​ការប៉ុនប៉ងមួយរបស់វិមានក្រឹមឡាំង ដើម្បីបន្ធូរបន្ថយភាពភ័យខ្លាចនៃសង្រ្គាមនុយក្លេអ៊ែរ ស្របពេលសង្រ្គាមអ៊ុយក្រែន កំពុងតែវិវត្តទៅរក​អ្វីដែលទាំងក្រុមអ្នកការទូតរុស្ស៉ីនិងអាមេរិកហៅថា ជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយ។ រុស្ស៉ីនិងអាមេរិក គ្រប់គ្រងជិត៩០ភាគរយ​នៃអាវុធនុយក្លេអ៊ែរទាំងអស់ លើពិភពលោក៕