(វ៉ាស៉ីនតោន)៖ អវកាសយានិកអាមេរិកចូលនិវត្តន៍ លោក William Anders ដែលស្ថិតក្នុងចំណោមមនុស្ស៣នាក់ដំបូង ដែលបានធ្វើដំណើរជុំវិញឋានព្រះចន្ទ និងជាអ្នកផ្តិតយករូបភាពផែនដីល្បីល្បាញមួយសន្លឹក អំឡុងបេសកកម្ម Apollo 8 របស់ទីភ្នាក់ងារអវកាស NATO កាលពីឆ្នាំ១៩៦៨ បានទទួលមរណភាព កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដោយរូបលោកមានវ័យ៩០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤។
ប្រមុខទីភ្នាក់ងារអវកាស NASA លោក Bill Nelson បានសម្តែងការគោរពចំពោះលោក Anders នៅលើប្រព័ន្ធបណ្តាញសង្គម តាមរយៈការបង្ហោះសារមួយ មានភ្ជាប់រូបភាពផែនដីរះនៅលើផ្ទៃព្រះចន្ទ ដោយនិយាយថា លោក Anders បានផ្តល់ឱ្យមនុស្សជាតិ នូវអំណោយដ៏ស៉ីជម្រៅបំផុតមួយ ដែលអវកាសយានិកម្នាក់អាចផ្តល់ឱ្យ។ លោក Anders បានផ្តិតយករូបភាពអស្ចារ្យមួយនោះ កាលពីពេលធ្វើដំណើរទៅហោះក្រឡឹងជុំវិញឋានព្រះចន្ទ ជាមួយអវកាសយានិក២រូបទៀត អំឡុងបេសកកម្ម Apollo 8។
គួរបញ្ជាក់ថា លោក William Anders ដែលមានអាយុ៩០ឆ្នាំទៅហើយ បានបើកយន្តហោះខ្នាតតូច១គ្រឿងតែម្នាក់ឯង នៅពេលដែលវាធ្លាក់នៅក្បែរឆ្នេរកោះ Jones Island នៅភាគខាងជើងទីក្រុង Seattle នៃរដ្ឋ Washington។ មុនក្លាយជាអវកាសយានិក លោក Anders គឺជាអាកាសយានិកនៃកងទ័ពអាកាសអាមេរិក។ លោកបានចូលរួមក្នុង NASA នៅឆ្នាំ១៩៦៣ ហើយមិនទាន់បានឡើងទៅកាន់ទីអវកាសភ្លាមៗនោះទេ រហូតទាល់តែនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៦៨ នៅពេល Apollo 8 ត្រូវបានបញ្ជូនចេញពីភពផែនដី ក្នុងបេសកកម្មផ្ទុកមនុស្សជាលើកដំបូង ដើម្បីធ្វើដំណើរចម្ងាយ៣៨៦,០០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ឋានព្រះចន្ទ៕