(ស្តុកខុល)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Jens Stoltenberg កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា យោងតាមច្បាប់អន្តរជាតិ អ៊ុយក្រែនមានសិទ្ធិវាយប្រហារលើគោលដៅយោធា នៅក្នុងទឹកដីប្រទេសរុស្ស៉ី ដើម្បីការពារខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤។

អំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅឯមូលដ្ឋានយោធាមួយកន្លែង ក្បែរទីក្រុងស្តុកខុល លោក Stoltenberg បានលើកឡើងយ៉ាងដូច្នេះថា «អ៊ុយក្រែនមានសិទ្ធិដើម្បីការពារខ្លួនឯង។ សិទ្ធិការពារខ្លួននោះ ក៏រួមមានផងដែរ នូវសិទ្ធិវាយប្រហារលើគោលដៅយោធា នៅក្នុងទឹកដីរបស់ប្រទេសដែលវាយប្រហារលើពួកគេ ខណៈនៅក្នុងករណីនេះ គឺជារុស្ស៉ី»

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ វិមានក្រឹមឡាំង បាននិយាយថា ក្រុមប្រទេសលោកខាងលិច ដែលផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ដើម្បីវាយប្រហារ​លើទឹកដីរបស់រុស្ស៉ី នឹងត្រូវប្រឈមមុខជាមួយរុស្ស៉ី បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា លោកកំពុងតែពិចារណាបំពាក់អាវុធ ឱ្យគូសត្រូវរបស់លោកខាងលិច ដើម្បីជាការសងសឹកវិញ។ នាពេលថ្មីៗនេះ ក្រុមប្រទេសលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិក បាននាំគ្នាប្រកាសអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធដែលពួកគេផ្តល់ឱ្យ វាយប្រហារលើគោលដៅយោធា នៅក្នុងទឹកដីរបស់រុស្ស៉ីបាន៕