(ហាណូយ)៖ ក្នុងសប្តាហ៍នេះ រដ្ឋសភានៃប្រទេសវៀតណាម បានអនុម័តការតែងតាំងបុគ្គលជំនិតរបស់ប្រធានាធិបតី លោក To Lam ជារដ្ឋមន្រ្តីសន្តិសុខសាធារណៈថ្មី ខណៈប្រការនេះត្រូវគេមើលឃើញថា ជួយពង្រឹងឱកាសរបស់ លោក Lam ដើម្បីក្លាយជាអគ្គលេខាធិការបន្ទាប់ របស់គណបក្សកុម្មុយនិស្តវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Diplomat នាថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងសេចក្តីសម្រេចមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋសភាវៀតណាមបានអនុម័តយល់ព្រម ចំពោះការតែងតាំង លោក Luong Tam Quang ជារដ្ឋមន្រ្តីសន្តិសុខសាធារណៈ សម្រាប់រយៈពេលដែលនៅសល់ទាំងប៉ុន្មាន នៃអាណត្តិឆ្នាំ២០២១-២០២៦។ បើតាមសារព័ត៌មានវៀតណាម VnExpress លោក Quang ដែលមានវ័យ៥៩ឆ្នាំ កន្លងមក បានបម្រើជាអនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈ ហើយលោកក៏ធ្លាប់កាន់តួនាទីផ្សេងៗទៀតផងដែរ នៅក្នុងវិស័យសន្តិសុខ។
លោក Quang បានឡើងកាន់តំណែងជួស រដ្ឋមន្រ្តីសន្តិសុខសាធារណៈមុន គឺលោក To Lam ដែលត្រូវបានតែងតាំងជាប្រធានាធីបតីវៀតណាម កាលពីខែឧសភា ជំនួសលោក Vo Van Thuong ដែលបានលាលែងពីតំណែង ចំពោះមុខយុទ្ធនាការបោសសំអាតអំពើពុករលួយ។ លោក Thuong ស្ថិតក្នុងចំណោមក្រុមមន្រ្តីជាន់ខ្ពស់ជាច្រើនរូប រួមមានទាំងអតីតប្រធានាធិបតី លោក Nguyen Xuan Phuc ផងដែរ ដែលត្រូវបានបង្ខំឱ្យលាលែងពីតំណែង អំឡុងយុទ្ធនាការបង្រ្កាបអំពើពុករលួយ ដឹកនាំដោយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phuc Trong។
ការណ៍ដែលលោក Quang ត្រូវគេមើលឃើញថា ជាមនុស្សជំនិតរបស់លោក Lam កំពុងជួយពង្រឹងឱកាសរបស់លោក Lam ក្នុងការក្លាយជាអ្នកបន្តវេនពីលោក Trong ដើម្បីកាន់តំណែងជា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅសមាជបក្សបន្ទាប់ នាអំឡុងដើមឆ្នាំ២០២៦។ សព្វថ្ងៃលោក Trong មានវ័យ៨០ឆ្នាំទៅហើយ។
គួរបញ្ជាក់ថា ក្នុងនាមជាប្រមុខក្រសួងសន្តិសុខសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម ទទួលបន្ទុកប្រឆាំងអំពើពុករលួយ របស់បក្សកុម្មុយនិស្តវៀតណាម លោក Lam កន្លងមក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តយុទ្ធនាការបោសសំអាតអំពើពុករលួយរបស់លោក Trong។ សិទ្ធិអំណាចនេះផ្តល់ឱ្យលោក Lam នូវអាវុធដ៏មានឥទ្ធិពលមួយ ប្រឆាំងនឹងគូប្រជែងនយោបាយរបស់ខ្លួន ហើយអនុញ្ញាតឱ្យលោក ត្រៀមលក្ខណៈខ្លួនឯង ដើម្បីជាបុគ្គលដែលអាចនឹងបន្តវេនពីលោក Trong ជាអគ្គលេខាធិការបក្ស ដែលជាតំណែងមានអំណាចធំជាងគេបង្អស់ នៅក្នុងប្រទេសវៀតណាម៕