(វ៉ាស៊ីនតោន)៖ ពីដំបូងឡើយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រហែលជាមានអារម្មណ៍ថាការចុះកិច្ចព្រមព្រៀង «ភាពជាដៃគូគ្មានព្រំដែន» ជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីនគឺជារឿងត្រឹមត្រូវ។ ចិនបានដើរលើក្រឡាអុកមួយយ៉ាងល្អ ក្នុងការផ្ដល់ការគាំទ្រគ្រប់គ្រាន់ដើម្បីពង្រឹងកិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយអាចបញ្ចៀស បានការដើរឆ្លង «បន្ទាត់ក្រហម» របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបានព្រមានប៉េកាំងម្ដងហើយម្ដងទៀតដាច់ខាតកុំផ្គត់ផ្គង់ ឬលក់អាវុធឱ្យរុស្ស៉ី។

ក៏ប៉ុន្តែ ជោគជ័យរបស់កងទ័ពរុស្ស៉ីនៅលើសមរភូមិប៉ុន្មានខែចុងក្រោយនេះ បែរជាកំពុងក្លាយជារឿងឈឺក្បាលសម្រាប់ចិនទៅវិញ។ បណ្ដាប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិកបានចោទប្រកាន់ត្រង់ៗថាការបន្តផ្គត់ផ្គង់ទំនិញដែលអាចប្រើបានទាំងវិស័យស៊ីវិល និងយោធារបស់ប៉េកាំង គឺជាកត្តាមួយដ៏សំខាន់នៅពីក្រោយជោគជ័យថ្មីៗនេះ របស់រុស្ស៉ីនៅលើសមរភូមិ។ សម្រាប់សហរដ្ឋអាមេរិកផងដែរ បើមិនមានការគាំទ្រពីចិនទេ ម្លេះលោក ពូទីន ប្រាកដជាជួបផលលំបាកបំផុតក្នុងការធ្វើសង្រ្គាមរយៈពេលវែង។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មិនត្រឹមតែបានលើកឡើងការព្រួយបារម្ភដោយផ្ទាល់ប្រាប់លោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំងកាលពីចុងខែមេសា កន្លងទៅប៉ុណ្ណោះទេ តែលោកក៏បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងប៉េកាំងដែរ ខណៈអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Wally Adeyemo បានបន្ទរការព្រមាននេះឡើងវិញ ក្នុងទីក្រុងកៀវកាលពីពេលថ្មីៗនេះ។ សហរដ្ឋអាមេរិកមានហេតុផលជាច្រើន និងយល់ថានេះជាឱកាសល្អដែលត្រូវតែដឹកនាំយុទ្ធនាការដាក់សម្ពាធលើចិន។ ការគំាទ្ររបស់ចិនចំពោះ រុស្ស៉ីគឺជាទឡ្ហី​ករណ៍មួយយ៉ាងរឹងមាំ ដែលទីក្រុងវ៉ាស៊ីនតោនអាចប្រើប្រាស់ដើម្បីបញ្ចុះបញ្ចូលឱ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ប្រកាន់ជំហរកាន់តែតឹងរ៉ឹងជាមួយចិន។ ក្នុងពេលដែល សហរដ្ឋអាមេរិក កំពុងព្យាយាមលួងលោមឱ្យអ៉ឺរ៉ុបដំឡើងរនាំងឧបសគ្គប្រឆាំងនឹងការនាំចូលរថយន្ដអគ្គិសនី និងផលិតផលថាមពលបៃតងរបស់ចិន ទឡ្ហី​ករណ៍មួយនេះថែមទាំងជួយ គូសបញ្ជាក់ទៀតផង ពីផលវិបាកនៃសកម្មភាពគំាទ្រដល់សេដ្ឋកិច្ចចិន។

ព្រមពេលជាមួយគ្នា ភាពរីកចម្រើនរបស់កងទ័ពរុស្ស៉ី នៅលើសមរភូមិនៅអ៊ុយក្រែន បាន និងកំពុងធ្វើឱ្យទំនាក់ទំនងរបស់អ៊ុយក្រែន ជាមួយចិនដើរដល់ដំណាក់កាល នៅមុខ «ផ្លូវបំបែក»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក បានខ្នះខ្នែងយ៉ាងខ្លាំងបញ្ចៀសកុំឱ្យចិនអាក់អន់ចិត្ត ឬខឹងសម្បារ ដោយរំពឹងថានៅថ្ងៃណាមួយលោក ស៊ី ជីនពីង អាចនឹងបង្ខំឱ្យលោក ពូទីន បញ្ចប់សង្រ្គាមក្រោមលក្ខខណ្ឌអាចទទួលយកបាន។ ប៉ុន្តែ បច្ចុប្បន្ន លោក ហ្សេលេនស្គី បានចោទប្រកាន់ចិនដោយបើកចំហថាបានដាក់សម្ពាធរារាំង កុំឱ្យប្រទេសដទៃចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងប្រទេសស្វីស នៅពាក់កណ្ដាលខែមិថុនានេះ។ ប្រឈមមុខនឹងបញ្ហាប្រឈមខាងការទូតសព្វថ្ងៃ លោក ស៊ី ជីនពីង អាចនឹងត្រូវប្រឈមមុខនឹងវិបត្តិមួយក្នុងពេលឆាប់ៗ នោះគឺ «ការធ្វើតេស្ដឥទ្ធិពលរបស់លោកលើលោក ពូទីន»។

ម្យ៉ាងវិញទៀត ជាការឆ្លើយតបទៅនឹងជោគជ័យរបស់កងទ័ពរុស្ស៉ី ក្រុមប្រទេសលោកខាងលិចបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលពួកគេផ្ដល់ឱ្យ ដើម្បីវាយប្រហារលើគោលដៅ យោធាក្នុងទឹកដីរុស្ស៉ី។ នៅបន្ទាប់ពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ លុបចោទការដាក់កំហិតបែបនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានងក់ក្បាលយល់ព្រមឱ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក វាយប្រហារដូចគ្នានេះដែរ ទោះមានភ្ជាប់លក្ខខណ្ឌច្រើនជាងប្រទេសអឺរ៉ុបក៏ដោយ។ អ៊ុយក្រែនត្រូវបានរាយការណ៍ថាបានប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក វាយប្រហារលើទឹកដីរុស្ស៉ីនៅក្នុងសប្ដាហ៍នេះ ដែលធ្វើឱ្យសង្រ្គាមអ៊ុយក្រែនឈានចូលដំណាក់កាលថ្មីមួយទៀតដ៏គ្រោះថ្នាក់។ លោក ពូទីន បានព្រមានជាច្រើនលើកមកហើយ ប្រឆាំងនឹង ការប្រើប្រាស់អាវុធលោកខាងលិចវាយប្រហារលើទឹកដីរុស្ស៉ី។ ឥលូវដោយសារតែ «បន្ទាត់ក្រហម» របស់លោកត្រូវបានគេដើររំលង លោក ពូទីន អាចនឹងមានអារម្មណ៍ថាចាំបាច់ត្រូវតែ បង្ហាញចង្កូមកាន់តែខ្លាំងជាមុន ដើម្បីស្ដារអនុភាពនៃការកំញើញ និងការសម្លុតគំរាមរបស់លោកឡើងវិញ។

នៅត្រង់នេះ អ្វីៗគឺអាស្រ័យថាតើអាវុធលោកខាងលិចដែលអ៊ុយក្រែនប្រើក្នុងការវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ី បង្កការខូចខាតកម្រិតណា និងថាតើអ្វីទៅជាគោលដៅ នៃការវាយប្រហារ។ ពោលគឺលោក ពូទីន នឹងធ្វើការឆ្លើយតបទៅតាមលទ្ធផលជាក់ស្ដែង។ ជាឧទាហរណ៍៖ ប្រសិនបើអ៊ុយក្រែនប្រើមីស៊ីលលោកខាងលិចវាយប្រហារលើគោលដៅសំខាន់ៗ ដូចជាស្ពាន Kerch Bridge ដែលតភ្ជាប់ទឹកដីរុស្ស៉ី ជាមួយតំបន់គ្រីមៀ ដោយបង្កឱ្យមានមនុស្សស្លាប់ ឬរងរបួសច្រើន ឬក៏ធ្វើឱ្យជោគជ័យថ្មីៗដែលកងទ័ពរុស្ស៉ីសម្រេចបាន ប្រឈមនឹង អាសារបង់ នោះលោក ពូទីនប្រហែលជានឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លា ក្នុងនោះអាចមានទាំងការអនុវត្តតាមការព្រមានរបស់លោក នោះគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ប្រឆាំងនឹង អ៊ុយក្រែន។ បើរឿងបែបនេះកើតឡើងមែន នោះវានឹងក្លាយជាសុបិនអាក្រក់មួយសម្រាប់ចិន ហើយអាចនឹងធ្វើឱ្យនយោបាយការបទេសរបស់ចិនធ្លាក់ចូលវិបត្តិមួយដ៏ធំ ចាប់តាំងពី សហរដ្ឋអាមេរិក បញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង ២គ្រឿងចូលទៅក្បែរកោះតៃវ៉ាន់កាលពីឆ្នាំ១៩៩៦។ ទីក្រុងប៉េកាំងអាចនឹងត្រូវបានគេបន្ទោសថាបានបរាជ័យក្នុងការរារាំងកុំឱ្យរុស្ស៉ីប្រើ អាវុធនុយក្លេអ៊ែរ ឬក៏សម្រាប់ការផ្ដល់ការគាំទ្រដល់រុស្ស៉ីចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។

លើសពីនេះទៅទៀត នៅម្ខាងការបង្កើនការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន លោកខាងលិចតួយ៉ាងសហរដ្ឋអាមេរិក អាចនឹងក្ដាប់ឱកាសដាក់ពិន័យលើចិន តាមរយៈការដាក់ទណ្ឌកម្ម ដែល ពួកគេបានបដិសេធមិនធ្វើមកទល់នឹងសព្វថ្ងៃ គឺដាក់បញ្ចូលធនាគារចិន ១ ឬ២ ចូលក្នុងបញ្ជីខ្មៅ ឬក៏រឹបអូសរយៈពេលមធ្យម និងរឹតបន្តឹងលើការនាំចេញទំនិញរបស់ចិន។ ចិនក៏អាចនឹង ប្រឈមរងកំហឹងជាសមូហភាពពីសហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងពេលតែមួយផងដែរ។ កាន់តែអាក្រក់ជាងនេះទៅទៀត ចិនអាចនឹងមានជម្រើសតិចតួចដើម្បីការពារខ្លួនឯងពីផលវិបាក។ លោក ស៊ី ជីនពីងអាចនឹងដាក់សម្ពាធលើលោក ពូទីន កុំឱ្យចុចប៊ូតង់នុយក្លេអ៊ែរ ប៉ុន្តែនៅថ្ងៃណាមួយ មេដឹកនាំរុស្ស៉ីរូបនេះអាចនឹងទទួលស្គាល់ថាចិនមិនអាចធ្វើអ្វីទាំងអស់ ដើម្បីបញ្ឈប់ រូបលោក។

សម្រាប់ក្រុមអ្នកវិភាគលោកខាងលិច សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថាភាពជាដៃគូគ្មានព្រំដែនរវាងចិន និងរុស្ស៉ី គឺមានព្រំដែនកំណត់ចាប់តាំងពីលោក ស៊ី ជីនពីង និងលោក ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមកម្ល៉េះ។ ជាក់ស្ដែងពាក្យថា «ការខាតបង់» គឺមិនមាននៅក្នុងវចនានុក្រមរបស់ចិននោះទេ៕