(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអំពាវនាវឱ្យមានការចូលរួមផ្នែកកាទូតយ៉ាងសកម្ម ដើម្បីដោះស្រាយជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងបដិសេធការជ្រៀតជ្រែកពីភាគីខាងក្រៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

ការថ្លែងនេះធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំតុមូលអាស៊ីប៉ាស៊ីហ្វិកលើកទី៣៧ ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama។

ឆ្លើយតបនឹងសំណួរពីអ្នកតំណាងហ្វីលីពីន ស្តីពីវិធីសាស្រ្តរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ដើម្បីដោះស្រាយក្តីកង្វល់របស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង លោក Anwar បាននិយាយថា ម៉ាឡេស៊ីនឹងបន្តការចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌអាស៊ាន។

លោក Anwar បានចង្អុលបង្ហាញថា ម៉ាឡេស៊ីទទួលបាន «ភាពជោគជ័យ» ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងតាមផ្លូវការទូត «ព្រោះយើងត្រូវបានគេចាត់ទុកថាពិតជាអព្យាក្រឹតក្នុងការចូលរួម»។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា បញ្ហានេះត្រូវតែដោះស្រាយក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងចិន ដោយមិនមានការជ្រៀតជ្រែកពីភាគីខាងក្រៅឡើយ។

លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «មិនគួរមានការចូលរួមពីភាគីផ្សេងទៀតទេ ព្រោះវានឹងត្រូវបានចាត់ទុកថាស្មុគស្មាញ និងនឹងធ្វើឱ្យបញ្ហានេះកាន់តែស្មុគស្មាញ»៕