(មូស្គូ)៖ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែននៅថ្ងៃសុក្រនេះថា បានប្រើមីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីសម្លាប់ស្ត្រី និងកុមារនៅក្នុងតំបន់ភាគខាងត្បូងរបស់ខ្លួន និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវទទួលខុសត្រូវចំពោះរឿងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

នេះជាលើកដំបូងដែលរុស្ស៊ីបានចង្អុលមុខសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនស៊ីវិលនៅក្នុងទឹកដីរបស់ខ្លួន ដែលជាការចោទប្រកាន់ដែលកើតមានឡើងបន្ទាប់ពីការព្រមានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា លោកខាងលិចកំពុងលេងជាមួយភ្លើង និងប្រថុយនឹងជម្លោះសកល ដោយការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិចចូលទៅក្នុងប្រទេសរុស្ស៊ី។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែន ឬសហរដ្ឋអាមេរិកដែរ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា ការវាយប្រហារនោះបានកើតឡើងកាលពីសប្តាហ៍មុននៅក្នុងតំបន់ Belgorod មិនយូរប៉ុន្មានបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានយល់ព្រមជាលើកដំបូងឲ្យអ៊ុយក្រែនបាញ់
អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ចូលទៅក្នុងប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែឧសភាថា ប្រធានាធិបតី Joe Biden បានអនុម័តវិធានការនេះ ដើម្បីឲ្យអ៊ុយក្រែនអាចការពារតំបន់ Kharkiv របស់ខ្លួន ដែលស្ថិតនៅជាប់នឹង Belgorod។ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែហាមឃាត់អ៊ុយក្រែន មិនឲ្យបាញ់អាវុធអាមេរិកចូលទៅក្នុងប្រទេសរុស្ស៊ីឲ្យកាន់តែជ្រៅឡើយ។

លោកស្រី Zakharova បាននិយាយថា សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនដែលបានផ្តល់ការយល់ព្រមចំពោះការវាយប្រហារបែបនេះ គឺជាការសារភាពចំពោះការសម្លាប់កុមារ និងស្ត្រីនៅក្នុងតំបន់ Belgorod។

គួរបញ្ជាក់ថា លោក ពួទីន បានព្រមានកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា លោកខាងលិចប្រថុយនឹងជម្លោះសកល ប្រសិនបើពួកគេជ្រៀតជ្រែកកាន់តែស៊ីជម្រៅទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន៕