(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានបង្ហាញការប្រឆាំងយ៉ាងដាច់ខាត ចំពោះការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការលក់គ្រឿងបន្លាស់ និងគ្រឿងជួសជុលយន្តហោះចម្បាំង F-16 ទៅឱ្យតៃវ៉ាន់ ដែលមានតម្លៃប្រហែល ៨០លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងនេះបានអះអាងថា ខ្លួនបានដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់សហរដ្ឋអាមេរិក ជុំវិញបញ្ហានេះ និងបានព្រមានថា នឹងបន្តពង្រឹងការហ្វឹកហ្វឺន និងសមយុទ្ធយោធា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

ក្រសួងការពារជាតិចិន បានចាត់ទុកសកម្មភាពនេះ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ចិនបានទទូចឱ្យសហរដ្ឋអាមេរិក គោរពគោលនយោបាយ «ចិនតែមួយ» និងបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់។

ទោះបីជាមានការជំទាស់ពីចិនក៏ដោយ ក៏ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ទៅឱ្យតៃវ៉ាន់ គឺដើម្បីជួយកែលម្អសន្តិសុខរបស់តៃវ៉ាន់ រក្សាស្ថិរភាពនយោបាយ និងតុល្យភាពយោធា និងគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់។ ការលក់នេះត្រូវបានរំពឹងថា នឹងត្រូវបានអនុម័តនៅក្នុងខែកក្កដាខាងមុខ៕