(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសស៊ុយអែត លោក Pal Jonson បានសម្តែងការព្រួយបារម្មណ៍ ចំពោះសកម្មភាពរបស់យោធាចិន ប្រឆាំងនាវានិងទូកហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូង ដោយនិយាយថា វាបង្កជាការរាមកំហែងដល់សន្តិសុខ បំផ្លាញស្ថិរភាព ព្រមជាមួយនិងការគូសបញ្ជាក់ពីតម្រូវការវិនិយោគផ្នែកសន្តិសុខ និងសេរីភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ ២០២៤។

លោក Jonson បានថ្លែងបែបនេះ ក្នុងពិធីទទួលស្វាគមន៍មួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំទិវាជាតិរបស់ស៊ុយអែត បន្ទាប់ពីជួបសមភាគីហ្វីលីពីន លោក Gilberto Teodoro Jr។ ស៊ុយអែត គឺជាប្រភពមួយ ក្នុងចំណោមប្រភពមួយ ក្នុងចំណោមប្រភពយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ដែលហ្វីលីពីនគ្រោងទិញ។ លោក Jonson បានគូសបញ្ជាក់ថា «ខ្ញុំសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏គ្រោះថ្នាក់ម្តងហើយម្តងទៀត ប្រឆាំងនឹងនាវាហ្វីលីពីនដែលកំពុងកើតឡើង នៅសមុទ្រហ្វីលីពីនខាងលិច និងសមុទ្រចិនខាងត្បូង»។ ទោះជាមិនបានលើកឡើងចំឈ្មោះចិន ប៉ុន្តែ​សុន្ទកថានេះ បាន​ទទួលការ​អបអរសាទរ​ពីអ្នកចូល​រួម ដែល​មានដូចជា​មន្ត្រី​យោធា និង​មន្រ្តីសន្តិសុខ​កំពូលៗរបស់​ហ្វីលីពីន ក៏ដូចជាអ្នកការទូត​លោកខាងលិច និង​អាស៉ី។

គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងនាវាចិន និងនាវាក៏ដូចជាទូករបស់រដ្ឋាភិបាលហ្វីលីពីន នៅក្បែរតំបន់មានវិវាទ នៃសមុទ្រចិនខាងត្បូង បានផ្ទុះឡើងគួរឲ្យព្រួយបារម្ភចាប់តាំងពីឆ្នាំមុន។ ប្រទេសទាំងពីរបន្តចោទប្រកាន់គ្នាទៅវិញទៅមក អំពីការប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់ នៅតាមដែនសមុទ្រ៕