(ប៉េកាំង)៖ ទីប៉េកាំងបានឱ្យដឹងនៅថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស BRICS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា លោក Wang នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសដទៃទៀត ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធក្តីកង្វល់រួម ដូចជាកិច្ចសហប្រតិបត្តិការ BRICS ព្រមទាំងស្ថានការណ៍បច្ចុប្បន្ន និងស្ថានការណ៍​ក្នុងតំបន់។ លោកស្រី Mao បាននិយាយថា ​BRICS គឺជាវេទិកាសំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងក្រុមប្រទេសដែលមានទីផ្សារកំពុងលូតលាស់ខ្លាំង និងប្រទេសក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ហើយលោកស្រីបានបន្ថែមថា សមាជិក BRICS តែងតែប្តេជ្ញាការពារពហុភាគីនិយម ជានិច្ច។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស BRICS ខាងលើ នឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ នៅឯទីក្រុង Nizhny Novgorod ភាគខាងលិចរុស្ស៉ី។ ប្លុកនេះ ដែលរួមមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានប្រកាសកាលពីឆ្នាំមុន នូវការពង្រីកសមាជិកបន្ថែម ក្នុងទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន ហើយនិងរុស្ស៉ីដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ BRICS ទទួលបានភាពរឹងមាំកាន់តែខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច​ និងនយោបាយ ចាប់តាំងពីរុស្ស៉ី បានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ខណៈទីក្រុងប៉េកាំង មិនបាន​ចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ថ្កោលទោសសកម្មភាពនោះរបស់ទីក្រុងមូស្គូឡើយ៕