(ប៊ុយដាប៉ែស)៖ ប្រទេសហុងគ្រី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា ក្នុងប្រទេសស្វីស ទៅតាមការអញ្ជើញ បើទោះបីជាហុងគ្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ីក្តី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ ២០២៤។

ហុងគ្រី ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប (EU) ក៏ដូចជាអង្គការណាតូ (NATO) កន្លងមកតែងបានរិះគន់លើទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញសង្រ្គាមអ៊ុយក្រែន ខណៈនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ព្យាយាមរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ អំឡុងពេល ចូលរួមវេទិកាសេដ្ឋកិច្ចនៅទីក្រុង St Petersburg លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេសហុងគ្រី បានបញ្ជាក់ថា «ហុងគ្រីនឹងមានវត្តមាន ក្នុងសន្និសីទនោះ នៅកម្រិតរដ្ឋមន្ត្រីការបរទេស»។

គួរបញ្ជាក់ថា ហុងគ្រី ធ្លាប់បដិសេធផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ហើយក៏ធ្លាប់រារាំងវិធានការរបស់ EU ដើម្បីផ្តល់ថវិកា ៧.០៦លានដុល្លារក្នុងកញ្ចប់ជំនួយយោធាដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៉ីផងដែរ៕