(ព័រម៉ូរេសប៊ី)៖ អ្នកជំនាញភូមិសាស្រ្តនូវែលសេឡង់ បានព្រមាននៅថ្ងៃសុក្រនេះថា ការរអិលបាក់ដីបន្ថែមទៀតទំនងជានឹងកើតមាន នៅតំបន់ដែលរងគ្រោះស្រាប់ទៅហើយនៃភូមិដាច់ស្រយាលមួយ ក្នុងប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea) កាលពី ២សប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ ២០២៤។
តាមរបាយការណ៍របស់រដ្ឋាភិបាល មហន្តរាយរញ្ជួយដីកាលពីថ្ងៃទី២៤ ខែឧសភា បណ្តាលឱ្យមនុស្សច្រើនជាង ២,០០០នាក់ ត្រូវកប់នៅក្រោមដី ហើយអង្គការសហប្រជាជាតិប៉ាន់ស្មានថា ចំនួនអ្នកស្លាប់មានខ្ទង់ប្រហែល ៦៧០នាក់។ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែសាកសពចំនួន ១១ប៉ុណ្ណោះត្រូវបានរកឃើញ។ រដ្ឋាភិបាល បានបញ្ឈប់ការស្វែងរក ហើយតំបន់នោះត្រូវបានគេចាត់ទុកថាជាកន្លែងបញ្ចុះសពដ៏ធំ។
អ្នកជំនាញភូមិសាស្រ្តនូវែលសេឡ់ង ដែលត្រូវបានបញ្ជូនទៅកាន់ប៉ាពូអាស៉ីនូវែលហ្គីណេ បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពដី ថាមិនត្រឹមតែអាចមានបំណាក់ដីនៅទីតាំងចាស់ទេ ប៉ុន្តែក៏អាចកើតឡើងនៅផ្នែកម្ខាងទៀតផងដែរ។ រដ្ឋបាលខេត្ត Enga បានប្រកាសពីការជម្លៀសប្រជាជនបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែក្តីបារម្ភនេះ។
គួរបញ្ជាក់ថា កន្លងមក មនុស្សជាង ៧,២០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដោយការរអិលបាក់ដី ហើយចំនួនអាចនឹងកើនឡើងថែមទៀត៕