(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា រូបលោកថ្កោលទោសធ្ងន់ៗ ចំពោះការវាយប្រហារនាពេលថ្មីៗនេះ របស់យោធាមីយ៉ាន់ម៉ា ដែលត្រូវគេរាយការណ៍ថា បានសម្លាប់ជនស៉ីវិល​ជាច្រើននាក់នៅរដ្ឋ Rakhine ភាគខាងលិច និងតំបន់ Sagain ភាគខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យលោក Guterres គឺលោក Stephane Dujarric បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះ របស់យោធាមីយ៉ាន់ម៉ា ដែលត្រូវគេរាយការណ៍ថា​ បានផ្តាច់ជីវិតជនស៉ីវិល​ជាច្រើននាក់ រួមមានទាំងនៅរដ្ឋ Rakhine»។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅរដ្ឋ Rakhine ចាប់តាំងពីក្រុមចលនាប្រដាប់អាវុធ Arakan Army (AA) បានវាយប្រហារកងកម្លាំង​របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈវាគឺជាការបញ្ចប់ទាំងស្រុង នូវបទឈប់បាញ់ផុយស្រួយមួយ ដែលត្រូវ​បានអនុវត្ត ក្រោយរដ្ឋប្រហារយោធា ឆ្នាំ២០២១។ ក្រុម AA អះអាងថា ខ្លួនប្រយុទ្ធតស៊ូដើម្បីស្វែងរកសិទ្ធិស្វ័យភាពទូលំទូលាយ សម្រាប់ជនជាតិភាគតិចនានា នៅក្នុងរដ្ឋ Rakhine ជាទីជម្រកនៃជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ា ប្រមាណ ៦០០,០០០នាក់ ដែល​ស្ថិតក្រោមការគាបសង្កត់ធ្វើបាប។

ក្នុងសប្តាហ៍នេះ ក្រុម AA បាននិយាយថា កងកម្លាំងរបបសឹកបានសម្លាប់ ជនស៉ីវិលជាង៧០នាក់ នៅរដ្ឋ Rakhine ក្នុងប្រតិបត្តិការវាយប្រហារ នៅភូមិមួយកន្លែង ភាគខាងជើងទីក្រុង Sittwe ដែលជារដ្ឋធានីរបស់រដ្ឋមួយនេះ។ យ៉ាងណាមិញ ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ថា ការអះអាងរបស់ក្រុម AA គឺជារឿងឃោសនាប៉ុណ្ណោះ។

គួរបញ្ជាក់ថា មួយផ្នែកធំនៃរដ្ឋ Rakhine គឺបណ្តាញទូរស័ព្ទនិងអ៉ីនធើណិត ត្រូវបានកាត់ផ្តាច់ ជាហេតុធ្វើឱ្យការទាក់ទង មានការលំបាក៕