(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងប៉ារីស នាថ្ងៃសុក្រនេះ ជាមួយកញ្ចប់ជំនួយសព្វាវុធថ្មី គិតជាទឹកប្រាក់ទំហំ២២៥លានដុល្លារ នៅក្រៅព្រឹត្តិការណ៍ខួបទិវា D-Day នៃសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤។
វានឹងជាជំនួបទល់មុខដំបូងបំផុតរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ហ្សេលេនស្គី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ហើយនាពេលនោះ រូបលោកនិងលោក ចូ បៃដិន បានរួមគ្នាអំពាវនាវឱ្យគណបក្សសាធារណរដ្ឋ ឈប់រារាំងការផ្តល់ជំនួយយោធាបន្ថែមឱ្យទៅអ៊ុយក្រែន។ លោក បៃដិន និងលោក ហ្សេលេនស្គី ក៏នឹងត្រូវជួបមុខគ្នាម្តងទៀតផងដែរ នាសប្តាហ៍ក្រោយ នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអ៉ីតាលី ស្របពេលដែលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន របស់ពិភពលោក នឹងពិភាក្សាគ្នាអំពីមធ្យោបាយប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ី ដែលត្រូវបានបង្កក ក្រោយការឈ្លានពាននៅអ៊ុយក្រែន ដើម្បីផ្តល់ជំនួយទំហំ ៥០ពាន់លានដុល្លារ សម្រាប់ទីក្រុងកៀវ។ កាលពីខែឧសភា លោក ហ្សេលេនស្គី ធ្លាប់បាននិយាយថា ក្រុមប្រទេសលោកខាងលិច កំពុងប្រើពេលយូរពេកហើយ ដើម្បីសម្រេចចិត្តលើការផ្តល់ជំនួយ។
គួរបញ្ជាក់ថា បើតាមប្រភពដែល Reuters ទទួលបាន កញ្ចប់ជំនួយសព្វាវុធថ្មីខាងលើ ដែលលោក បៃដិន យកទៅជួបលោក ហ្សេលេនស្គី នឹងរួមមានទាំង គ្រាប់កាំភ្លើង គ្រាប់រ៉ុក្កែតផ្លោង ព្រមទាំងមីស៉ីលការពារដែនអាកាស ក្នុងចំណោមសម្ភារផ្សេងៗទៀត។ មួយរយៈចុងក្រោយនេះ អ៊ុយក្រែនបានជួបការលំបាក ក្នុងការការពារទីតាំងរបស់ខ្លួន នៅតំបន់ Kharkiv បន្ទាប់ពីប្រតិបត្តិការវាយលុក ដែលកងកម្លាំងរុស្ស៉ីបើកធ្វើកាលពីថ្ងៃទី១០ ខែឧសភា ដណ្តើមកាន់កាប់បាន ភូមិជាបន្តបន្ទាប់។ កាលពីសប្តាហ៍មុន លោក បៃដិន ក៏បានផ្លាស់ប្តូរគោលជំហររបស់លោកផងដែរ ហើយបានសម្រេចអនុញ្ញាតឱ្យអ៊ុយក្រែន អាចប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក វាយប្រហារទៅលើគោលដៅយោធា នៅក្នុងប្រទេសរុស្ស៉ី ដែលកំពុងគាំទ្រប្រតិបត្តិការវាយលុកតំបន់ Kharkiv បាន៕