(ហ្សាការតា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភាប្រទេសឥណ្ឌូណេស៉ី បានសម្រេចអនុម័តយល់ព្រម ចំពោះសំណើស្តីពីការទទួលយក ការបរិច្ចាគនាវាចម្បាំង ១គ្រឿងពីកូរ៉េខាងត្បូង មកឱ្យកងទ័ពជើងទឹករបស់ខ្លួន ទោះបីមានក្តីកង្វល់ថា នាវាយោធាចំណាស់នោះ នឹងត្រូវការការជួសជុលថែទាំ គិតជាទឹកប្រាក់ស្មើនឹងខ្ទង់ ៨៥លានដុល្លារ ក៏ដោយក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី និងត្រូវជាអនាគតប្រធានាធិបតីថ្មីនៃប្រទេសអាស៊ានមួយនេះ គឺលោក Prabowo Subianto បាននិងកំពុងជំរុញឱ្យមាន ការផ្លាស់ប្តូរបរិក្ខារយោធាចាស់ៗរបស់ឥណ្ឌូណេស៉ី ហើយចំណាយថវិការាប់ពាន់លានដុល្លារ ទៅលើយន្តហោះចម្បាំងព្រមទាំងនាវាមុជទឹកថ្មីៗ។ ក៏ប៉ុន្តែ ការសម្រេចចិត្តរបស់លោក ក្នុងការទិញសម្ភារយោធាដែលប្រើប្រាស់រួច បានប្រឈមសំឡេងជំទាស់ ជាហេតុបង្ខំឱ្យក្រសួងរបស់លោក ត្រូវបោះបង់ចោលផែនការ ទិញយន្តហោះចម្បាំងមួយទឹកពីប្រទេសកាតា ដែលបានរងការរិះគន់ថា យន្តហោះទាំងនោះ ហាក់ដូចជាចាស់ៗពេក។
អនុរដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក Muhammad Herindra បានប្រាប់សភាឥណ្ឌូណេស៉ីថា នាវាចម្បាំងប្រភេទ corvette ឈ្មោះ Bucheon 773 របស់កូរ៉េខាងត្បូង ដែលមានអាយុកាល៣៦ឆ្នាំមកហើយ នឹងជួយបង្កើនសមត្ថភាពយោធារបស់ឥណ្ឌូណេស៉ី ប៉ុន្តែកងទ័ពជើងទឹកឥណ្ឌូណេស៉ី នឹងត្រូវចំណាយថវិកាប្រហែល៨៥លានដុល្លារ សម្រាប់ការងារជួសជុលថែទាំ និងថ្លៃចំណាយផ្សេងៗទៀត មុនពេលវាអាចធ្វើប្រតិបត្តិការបាន។
លោក Herindra បានសង្កត់ធ្ងន់បន្ថែមថា ជម្រើសដែលប្រសើរបំផុតនោះ គឺទិញនាវាចម្បាំងថ្មីសន្លាង១គ្រឿងតែម្តង ប៉ុន្តែបញ្ហាត្រង់ថា វានឹងប្រើពេលវេលាយូរ ហើយម៉ូដែលថ្មី នឹងមានតម្លៃចន្លោះ៣០០-៥០០លានដុល្លារឯណោះ ក្នុង១គ្រឿង ខណៈនាវាចម្បាំង ដែលកូរ៉េខាងត្បូងបរិច្ចាគឱ្យ ក្រោយជួសជុលថែទាំរួចរាល់ នឹងអាចប្រើប្រាស់បានរហូតដល់១០-១៥ឆ្នាំខាងមុខ៕