(ហ្កាហ្សា)៖ ប្រធានទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើសាលារៀនមួយ ក្នុងតំបន់ហ្កាហ្សា ដោយគ្មានការព្រមានទុកជាមុន ដល់អ្នកភៀសខ្លួនរាប់ពាន់នាក់ដែលកំពុងជ្រកកោណនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ ២០២៤។

លោក Lazzarini បានឱ្យដឹងតាមបណ្តាញសង្គម X ដោយសំដៅទៅលើសាលារៀននៅជំរំ Nuseirat ភាគកណ្តាលតំបន់ហ្កាហ្សា ថា សាលារៀនរបស់ UNRWA ផ្សេងទៀត ត្រូវប្រែក្លាយជាទីជម្រកដែលរងការវាយប្រហារ។ សាលារៀននោះ ជាជម្រករបស់មនុស្សជាង ៦,០០០នាក់។ UNRWA បានចែករំលែកព័ត៌មានអំពីទីតាំងទាំងអស់របស់ខ្លួនរួចហើយ រួមទាំងសាលារៀននេះផងដែរ ជាមួយខាងកងទ័ពអ៉ីស្រាអែល និងភាគីផ្សេងៗទៀត។ លោក Lazzarini បានគូសបញ្ជាក់ថា «ការវាយប្រហារ ការកំណត់គោលដៅ ឬប្រើប្រាស់ទីតាំងរបស់អង្គការសហប្រជាជាតិ សម្រាប់គោលបំណងយោធា គឺជាការមិនគោរពច្បាប់មនុស្សធម៌អន្តរជាតិ»

គួរបញ្ជាក់ថា អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari បានអះអាងថា ក្រុមភេរវករ ៩នាក់ត្រូវបានសម្លាប់ នៅពេលដែលយន្តហោះចម្បាំងរបស់ខ្លួន វាយប្រហារចំសាលារៀនខាងលើ។ យន្តហោះចម្បាំងអ៉ីស្រាអែល បានវាយប្រហារលើ ថ្នាក់រៀនចំនួន ៣ដែលមានក្រុមសកម្មប្រយុទ្ធប្រហែល ៣០នាក់មកពីក្រុម Jihad និងក្រុមហាម៉ាស កំពុងលាក់ខ្លួន។ បើតាមមន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងតំបន់ហ្កាហ្សា យ៉ាងហោចណាស់មនុស្ស ៣៧នាក់បានស្លាប់៕