(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ វិមានក្រឹមឡាំងបានព្រមានប្រទេសលោកខាងលិចថា នឹងត្រូវគិតគ្នាជាមួយរុស្ស៉ី ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលខ្លួនបានផ្គត់ផ្គង់ សម្រាប់វាយប្រហារលើទឹកដីរុស្ស៉ី ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាកំពុងពិចារណាបំពាក់អាវុធនៅបរទេស សម្រាប់ការសងសឹកចំពោះសត្រូវ (លោកខាងលិច)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ ២០២៤។
ថ្លែងទៅកាន់ក្រុមនិពន្ធយកជាន់ខ្ពស់នៃបណ្តាទីភ្នាក់ងារព័ត៌មានអន្តរជាតិ ក្នុងទីក្រុង St Petersburg លោក ពូទីន និយាយថា ទីក្រុងមូស្គូ កំពុងគិតគូរពីការបំពាក់អាវុធរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ ស្រដៀងគ្នាទៅនឹងអ្វីដែលលោកខាងលិចផ្តល់ឱ្យអ៊ុយក្រែន សម្រាប់ការពារពីសត្រូវលោកខាងលិច នៅជុំវិញពិភពលោក។ ការអត្ថាធិប្បាយរបស់លោក ពូទីន ចង់សំដៅទៅលើការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ ដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍រដ្ឋ យ៉ាងដូច្នេះថា «ពួកគេគួរតែដឹងហើយនឹងមានអ្វីកើតឡើង និងគោលជំហររបស់យើង។ យើងនឹងមិនសម្របសម្រួលទៀតទេ»។ ដោយឡែក លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ និយាយថា «សូមឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានភ្លក់រសជាតិ នៃការប្រើប្រាស់អាវុធរបស់រុស្ស៉ី ដោយផ្ទាល់ពីភាគីទី ៣»។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានប្រាប់ ABC News កាលពីថ្ងៃព្រហស្បតិ៍ អំឡុងពិធីបុណ្យរំលឹកខួប D-Day នៅប្រទេសបារាំងថា អ៊ុយក្រែន ត្រូវបានដាក់កំហិតក្នុងការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ទៅកាន់គោលដៅនៅក្នុងប្រទេសរុស្ស៉ី។ ប៉ុន្តែ ថ្មីៗនេះសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន បានលើកឡើងនូវលទ្ធភាពនៃការពិនិត្យឡើងវិញ ទៅលើការដាក់កម្រិតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធសម្រាប់ប្រឆាំងរុស្ស៉ី។ តួយ៉ាង រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានប្រាប់ Reuters ថា អ៊ុយក្រែន មានសិទ្ធិប្រើប្រាស់អាវុធដែលផ្តល់ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសរុស្ស៉ី ហើយវាគឺអាស្រ័យលើទីក្រុងកៀវ ថាតើត្រូវធ្វើដូច្នេះដែរឬទេ៕