(UN)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនានេះបានអំពាវនាវឱ្យបញ្ចប់សកម្មភាពអរិភាព នៅតាមបណ្ដោយ ព្រំដែនរវាងលីបង់ និងអ៉ីស្រាអែល ភ្ជាប់ជាមួយការព្រមានពីហានិភ័យនៃការផ្ទុះជម្លោះទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបានធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រំដែនភាគខាងជើង បានព្រមានកាលពីថ្ងៃពុធថាអ៉ីស្រាអែលបានត្រៀមលក្ខណៈ រួចជាស្រេច សម្រាប់ការបង្កើនការធ្វើប្រតិបត្តិការតាមបណ្ដាយព្រំដែន នៅចំពោះមុខការបាញ់ផ្លោងកាំភ្លើងធំដាក់គ្នាទៅវិញទៅមកស្ទើរតែរៀងរាល់ថ្ងៃរវាងទាហានអ៉ីស្រាអែល និង ក្រុម Hezbollah មានមូលដ្ឋាននៅលីបង់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យប្រមុខ UN លោក Stephane Dujarric បានគូសបញ្ជាក់ដូច្នេះថា «ខណៈការបាញ់ផ្លោងឆ្លងព្រំដែនដាក់គ្នាទៅវិញទៅមក នៅតែបន្ត កើតមាន លោកអគ្គលេខាធិការ UN បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់»។ លោកប្រមុខ​ UN​ តាមរយៈសេចក្ដីថ្លែការណ៍នេះដដែល បានបន្ថែមថាការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក អាចនឹងបង្កទៅជាជម្លោះទ្រង់ទ្រាយធំ ដែលនឹងបង្កើតជាផលវិបាកធ្ងន់ធ្ងរដល់តំបន់ទាំងមូល៕