(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាទាំង២របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកក្កដាក្រោយនេះ អំឡុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសរបស់មេដឹកនាំរបស់គណបក្សសាធារណរដ្ឋ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤។

ការប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Netanyahu កើតមានឡើងចំពេលដែលអ៉ីស្រាអែល និងក្រុមហាម៉ាសកំពុងរងសម្ពាធឱ្យទទួលយកបទឈប់បាញ់អចិន្ត្រៃយ៍មួយ ខណៈអ៉ីស្រាអែលកំពុងប្រឈមមុខនឹងភាពឯកោខាងការទូត ដោយសារតែកើនឡើងចំនួនជនស៊ីវិលស្លាប់ក្នុងសង្រ្គាមហ្កាហ្សា។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពី សប្ដាហ៍មុនប្រកាសពីផែនការបទឈប់បាញ់មួយចែកចេញជា ៣ដំណាក់កាល ដែលលោកផ្ទាល់ថាស្នើឡើងដោយអ៉ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាម ការដោះលែងចំណាប់ខ្មាំង និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។

ក៏ប៉ុន្តែ ខាងការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានបញ្ជាក់ថាសង្រ្គាមដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន នឹងបន្តធ្វើឡើង រហូតទាល់តែអ៉ីស្រាអែលសម្រេចបានគោលដៅសង្រ្គាមរបស់ខ្លួនទាំងស្រុង ក្នុងនោះរួមមានទាំងការកម្ទេចក្រុមហាម៉ាស។

គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើលោក Netanyahu អាចនឹងជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែរ ឬក៏អត់នោះទេ អំឡុងទស្សនកិច្ចរបស់លោក ក្នុងសហរដ្ឋអាមេរិក៕