(Reuters)៖​ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំសហរដ្ឋអាមេរិក លោក Kevin Rudd បាននិយាយថាផលវិបាកជាសកលដែលកើតចេញពីសង្រ្គាមណាមួយលើកោះតៃវ៉ាន់ នឹងមានវិសាលភាពធំធេងដូចគ្នាទៅនឹងផលវិបាកនៃសង្រ្គាមលោកលើកទី២ដូច្នោះដែរ ដោយវានឹងផ្លាស់ប្ដូរពិភពលោកទាំងស្រុងទៅជាកន្លែងមួយផ្សេងទៀត។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Kevin Rudd ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាក្នុងទីក្រុង Honolulu កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ជាមួយការសង្កត់ធ្ងន់ដែរថាប្រសិនបើ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលឈានចូលអាយុ៧១ឆ្នាំ ក្នុងខែមិថុនានេះ ចង់សម្រេចឱ្យបាននូវការបង្រួបង្រួមជាតិជាមួយតៃវ៉ាន់ នោះលោកអាចនឹងធ្វើសកម្មភាព ក្នុងរយៈពេល១០ឆ្នាំខាងមុខ ពោលគឺមុននឹងលោកមានវ័យ៨០ឆ្នាំ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ ជាពិសេសការធ្វើសមយុទ្ធយោធាឡោមព័ទ្ធដែនកោះ មួយនេះដោយកងទ័ពចិន ក្រោយលោក Lai Ching-te ស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ កាលពីខែឧសភាកន្លងទៅ។ ចិនវិញក៏បានព្រមានសហរដ្ឋអាមេរិក ផងដែរថាកុំឱ្យលូកលាន់កិច្ចការរបស់ចិនជាមួយតៃវ៉ាន់៕