(​ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រកាសថាប្រទេសរបស់លោកមានផែនការផ្ដល់យន្ដហោះចម្បាំង Mirage 2000 ទៅឱ្យអ៊ុយក្រែន ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលដល់ពីឡុតអ៊ុយក្រែនផងដែរ នៅក្រោមកិច្ចសហប្រតិបត្តិការយោធាថ្មីមួយជាមួយទីក្រុងកៀវ ដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ Reuters។

ការប្រកាសពីផែនការខាងលើរបស់លោក Macron ធ្វើឡើងកាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា នាឱកាសដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ធ្វើទស្សនកិច្ចក្នុងប្រទេសបារាំង ដើម្បីចូលរួមក្នុងទិវា D-Day។ ប៉ុន្តែ លោក Macron មិនបានបញ្ជាក់ថាតើបារាំងនឹងបញ្ជូនយន្ដហោះចម្បាំង Mirages ប៉ុន្មានគ្រឿង ពេលវេលា ឬថាតើត្រូវធ្វើឡើងក្រោមលក្ខខណ្ឌហិរញ្ញវត្ថុអ្វីនោះទេ។

គួរបញ្ជាក់ថា បើតាមលោក Macron បារាំងនឹងជួយបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែននៅក្នុងប្រទេសបារាំង ចាប់ពីរដូវក្ដៅនេះតទៅ ហើយក៏នឹងជួយបណ្ដុះបណ្ដាល ទាហានអ៊ុយក្រែន ៤៥០០នាក់ផងដែរ។ តែមិនបានបង្ហើបថាតើការបណ្ដុះបណ្ដាលនេះនឹងត្រូវធ្វើឡើងនៅទីណាទេ ដោយគ្រាន់តែបញ្ជាក់ថាក្នុងពេលនេះ មិនទាន់មានអ្នកជំនាញការយោធាបារាំងណាម្នាក់ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនឡើយ៕