(បាងកក)៖ «ស្ថិរភាព» គឺជាពាក្យស្លោកមួយសម្រាប់ក្រុមគណបក្សនយោបាយដែលធ្លាប់ជាគូប្រជែងនឹងគ្នា នៅក្នុងរដ្ឋាភិបាលចម្រុះថៃសព្វថ្ងៃដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Srettha Thavisin បើទោះជាពួកគេបានចំណាយពេលជាង៨ខែមកនេះ នៅក្នុងអំណាចត្រីកោណមួយមិនមានភាពច្បាស់លាស់ក៏ដោយ។ ក៏ប៉ុន្តែ ស្ថានការណ៍វិវត្តន៍កាលពីខែឧសភាកន្លងទៅ បានធ្វើឱ្យគំរាមកំហែងនៃភាពចលាចលនយោបាយមានជីវិតឡើងវិញ នៅក្នុងប្រទេសមួយ នៃតំបន់អាស៊ីអាគ្នេយ៍ដែលធ្លាប់ពើបប្រទះនឹងរដ្ឋប្រហារជោគជ័យចំនួន១៣លើក និងបាតុកម្មតវ៉ា តាមដងផ្លូវ។

នៅម្ខាងគឺជាក្រុមឥស្សរជននយោបាយគាំទ្រដោយយោធា និងគណបក្សអភិរក្សនិយម ហើយនៅម្ខាងទៀត គឺអតីតនាយករដ្ឋមន្ត្រីថ្ងៃ លោក Thaksin Shinawatra លោក Srettha និងបណ្ដាញនយោបាយរបស់គណបក្ស Pheu Thai។ ចំណែក ក្រុមចុងក្រោយគេគឺរួមមានក្រុមអ្នកជំនួញធំៗដែលកន្លងមកធ្លាប់ចាត់ទុកលោក Srettha ជាគ្នីគ្នារបស់ពួកគេ។

ការរក្សាតុល្យភាពផលប្រយោជន៍នៃក្រុមឥស្សរជនអភិរក្សនិយម នយោបាយ និងអ្នកជំនួញធំៗ គឺជាភារកិច្ចមួយដ៏លំបាក រហូតដល់មានគូប្រជែងថ្មីមួយបានលេចមុខឡើង នោះគឺគណបក្ស Future Forward ដែលត្រូវបានរំលាយចោលកាលពីឆ្នាំ២០២០ ហើយមានគណបក្សបន្តវេនមួយត្រូវបានបង្កើតឡើងគឺ Move Forward។ នៅបន្ទាប់ពីត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល កាលពីឆ្នាំ២០២៣ ទោះជាបានឈ្នះក្នុងការបោះឆ្នោតសកលក៏ដោយ គណបក្ស Move Forward បច្ចុប្បន្នបានក្លាយជាគណបក្សប្រឆាំង ហើយក៏ប្រហែលជាអាចនឹងមានវាសនាដូចជា គណបក្ស Future Forward ក៏ថាបាន។

* ហេតុអ្វីលោក Thaksin និងលោក Srettha ប្រឈមមុខនឹងផ្លូវច្បាប់ក្នុងពេលតែមួយ?
ញត្តិមួយដែលត្រូវបានដាក់ជូនតុលាការធម្មនុញ្ញ ដើម្បីទាមទារឱ្យដកលោក Srettha ពីតំណែងជានាយករដ្ឋមន្ត្រី កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងអគ្គរាជអាជ្ញាថៃបានចោទប្រកាន់ លោក Thaksin ពីបទប្រមាថព្រះមហាក្សត្រ។ ថាតើលោក Srettha អាចអង្គុយកៅនាយករដ្ឋមន្ត្រីបានយូរប៉ុនណា នៅតែជាមន្ទិលសង្ស័យចាប់តាំងពីលោកត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យ កាន់តំណែងដឹកនាំប្រទេសកាលពីខែសីហា ឆ្នាំមុនមកម្ល៉េះ។ ប៉ុន្តែតាមពិតទៅ តំណែងជានាយករដ្ឋមន្ត្រីរបស់លោក Srettha ក៏វាអាស្រ័យលើការពេញចិត្ត ឬមិនពេញចិត្តរបស់លោក Thaksin ដែរ ដែលជាទូទៅត្រូវបានគេចាត់ទុកថាជាមេរបស់គណបក្ស Pheu Thai។ ញត្តិប្រឆាំងលោក Srettha ត្រូវបានដាក់ជូនដោយក្រុមសមាជិកព្រឹទ្ធសភាថៃ ៤០នាក់ នៅបន្ទាប់ពីការរុះរើ គណៈរដ្ឋមន្ត្រីកាលពីចុងខែមេសាកន្លងទៅ ដោយលោក Srettha បានតែងតាំងអតីតមេធាវីម្នាក់របស់លោក Thaksin ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពីបទពុករលួយឱ្យកាន់តំណែង ជារដ្ឋមន្ត្រីម្នាក់ក្នុងការិយាល័យនាយករដ្ឋមន្ត្រី។

ចំណែក សំណុំរឿងប្រមាថព្រះមហាក្សត្រប្រឆាំងនឹងលោក Thaksin វិញ មានដំណើររឿងតាំងតែពីឆ្នាំ២០១៥មកម្លេះ។ ក្នុងការរស់នៅនិរទេសខ្លួននៅពេលនោះ លោក Thaksin បានប្រាប់ សារព័ត៌មានកូរ៉េខាងត្បូងមួយថាក្រុមទីប្រឹក្សាសម្ងាត់មួយដែលបម្រើព្រះមហាក្សត្របានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលប្អូនស្រីរបស់លោក គឺលោកស្រី Yingluck Shinawatra ចេញពីអំណាចកាលពីឆ្នាំ២០១៤។ ប្រសិនបើតុលាការរកឃើញថាលោក Thaksin ដែលទើបតែត្រូវបានដោះលែងមុនកាលកំណត់ពីការផ្តន្ទាទោសជាប់ពន្ធនាគារ៨ឆ្នាំ កាលពី ខែកុម្ភៈកន្លងទៅ អាចនឹងប្រឈមមុខជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។ ការចោទប្រកាន់នេះត្រូវបានគេមើលឃើញថាជាសារព្រមានទៅដល់លោក Thaksin ដែល មានរយៈពេលចុងក្រោយនេះកាន់តែហ៊ានចេញមុខធ្វើសកម្មភាពត្រង់ៗ ដោយប្រើប្រាស់ឥទ្ធិពលរបស់លោកលើគណបក្ស Pheu Thai និងទំនាក់ទំនងជាមួយប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា និងកម្ពុជា។

* តើនឹងមានអ្វីឡើងកើតឡើងចំពោះគណបក្ស Move Forward?
គោលនយោបាយកំណែទម្រង់របស់គណបក្ស Move Forward ក្នុងនោះរួមមានជាពិសេស ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ក្នុងគោលបំណងបន្ធូរបន្ថយការដាក់ទោស នៅក្រោមច្បាប់សព្វថ្ងៃដែលពួកគេយល់ថាមានសភាពធ្ងន់ធ្ងរពេក។ ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ត្រូវបានបង្កើតឡើងដើម្បីការពារសែរាជវង្ស និងព្រះមហាក្សត្រថៃពីការប្រមាថ ប៉ុន្តែ Move Forward និងក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សបានរិះគន់ថាច្បាប់នេះត្រូវបានប្រើប្រាស់ជាអាវុធប្រឆាំងអ្នកនយោបាយប្រឆាំង សកម្មជន និងបាតុករជាយុវជន។ មនុស្សជាង ២០០នាក់ ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ការបះបោរ និងឧក្រិដ្ឋកម្មកុំព្យូទ័រ ក្រោយផ្ទុះបាតុកម្មតវ៉ាទ្រង់ទ្រាយធំក្នុងឆ្នាំ២០២០ ដែលបង្កឡើងដោយសារតែការរំលាយ គណបក្ស Future Forward។ ដោយជារឿយៗតែងតែមានការបដិសេធឱ្យនៅក្រៅឃុំ ក្រុមសកម្មជនមួយចំនួនបាននាំគ្នាធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារ រហូតដល់មានសកម្មជនជានារី ម្នាក់មានអាយុ២៨ឆ្នាំ ឈ្មោះ Netiporn «Boong» Sanehsankhom បានស្លាប់កាលពីខែឧសភាកន្លងទៅ។ ឥលូវ គណៈកម្មការរៀបចំការបោះឆ្នោតបានដាក់ញត្តិទៅកាន់តុលាការធម្មនុញ្ញថៃ រួចរាល់ហើយ ដើម្បីទាមទារឱ្យរំលាយគណបក្ស Move Forward ដោយចោទប្រកាន់ថាបានព្យាយាមផ្ដួលរំលំរបបរាជានិយមថៃអាស្រ័យលើរដ្ឋធម្មនុញ្ញតាមរយៈការធ្វើយុទ្ធនាការទាមទារ ការធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ។ មេដឹកនាំគណបក្សប្រឆាំង លោក Chaithawat Tulathon បាននិយាយថា Move Forward បានត្រៀមគណបក្សបម្រុងមួយរួចជាស្រេច ដើម្បី ទទួលយកសមាជិកសភារបស់ខ្លួនទាំង ១៥១រូប ក្នុងករណីដែលតុលាការធម្មនុញ្ញថៃចេញសាលក្រមរំលាយគណបក្សនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

មិនថាគណបក្ស Move Forward មានជោគវាសនាបែបណានោះទេ ក៏សាធារណមតិក្នុងចំណោមប្រជាជនថៃមួយចំនួនធំនៅតែគាំទ្រគណបក្សនេះ។ តួយ៉ាង ការស្ទង់មតិថ្មីមួយបង្ហាញថា គណបក្ស Move Forward នឹងនៅតែប្រមូលបានអាសនៈចំនួន ២០៨ដដែលក្នុងចំណោមអាសនៈរដ្ឋសភាសរុប៥០០អាសនៈ ប្រសិនបើការបោះឆ្នោតសកលមួយត្រូវរៀបចំឡើងជាថ្មី ភ្លាមៗ និង ៤៧ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍បាននិយាយថាពួកគេគាំទ្រលោក Pita Limjaroenrat ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី។

*​ តើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងជះឥទ្ធិពលដូចម្ដេចដល់ការសម្រេចចិត្តខាងនយោបាយ?

នៅចុងខែមិថុនានេះ សមាជិកព្រឹទ្ធសភាថ្មីរបស់ថៃចំនួន ២០០រូប នឹងត្រូវបានជ្រើសរើសចេញពីក្រុមតំណាង ២០ វិស័យផ្សេងៗនៃសង្គម ដូចជា គ្រូបង្រៀន ចៅក្រម កសិករ ក្រុមហ៊ុនឯកជន លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ អគ្គមេបញ្ជាការកំពូល មេប៉ូលិសជាតិ ប្រមុខកងទ័ពជើងគោក ជើងទឹក និងអាកាសជាដើម។ សមាជិកព្រឹទ្ធសភាអភិរក្សនិយមដែលត្រូវបានតែងតាំង ដោយរដ្ឋាភិបាលយោធា ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរារាំងមិនឱ្យលោក Pita ក្លាយជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតសកល។ ប៉ុន្តែ រដ្ឋធម្មនុញ្ញ បានលុបចោលតួនាទីព្រឹទ្ធសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅចុងអាណត្តិនៃសមាជិកព្រឹទ្ធសភាដែលបានអសុពលភាពកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

យ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញថៃ នៅតែរក្សាតួនាទីជាទីប្រឹក្សាសម្រាប់ព្រឹទ្ធសភា ក្នុងការតែងតាំងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ សិទ្ធិមនុស្ស សវនកម្មជាតិ និងការបោះឆ្នោត។

* តើរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Pheu Thai អាចឆ្លងផុតពីគ្រោះកាចដែរទេ?
បើទោះជាមានផលវិបាកធ្ងន់ធ្ងរកើតចេញពីការរុះរើគណៈរដ្ឋមន្ត្រីចំពោះគណបក្ស Pheu Thai ក៏ដោយ ក៏គណបក្សធំៗនៅក្នុងក្រុមចម្រុះទាំង១១គណបក្ស នៅតែអាចកាន់តំណែងគ្រប់គ្រងនៅតាម ក្រសួងនីមួយៗតាមកូតាដដែល។ ក្រុមអ្នកនយោបាយអភិរក្សនិយម បានបដិសេធថាមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងផ្លូវច្បាប់ប្រឆាំងលោក Srettha និងលោក Thaksin នោះទេ ដោយពួកគេ និយាយថាញត្តិនោះ គឺជាសកម្មភាពដាច់ដោយឡែករបស់សមាជិកព្រឹទ្ធសភាមួយចំនួនដែលមានទំនាក់ទំនងជាមួយឧត្តមសេនីយ៍ លោក Prawit Wongsuwan ជាអតីតឧបនាយករដ្ឋមន្ត្រី ដែលបានសាបរលាបចេញពីចំណាប់អារម្មណ៍នយោបាយ។​ លោក Srettha បច្ចុប្បន្នកំពុងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីដែលជាតំណែងមួយត្រូវបានប្រគល់ឱ្យលោកក្រោមការសម្រុះសម្រួលនៃ អំណាចត្រីកោណ។ ប៉ុន្តែ ប្រសិនបើតុលាការធម្មនុញ្ញដកតំណែងលោក Srettha មែន នោះបេក្ខជនដែលអាចនឹងឡើងកាន់តំណែងបន្តអាចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងថាមពល លោក Pirapan Salirathavibhaga ដែលសុទ្ធសឹងមកពីគណបក្សអភិរក្សនិយម ឬក៏អាចជាកូនស្រីរបស់លោក Thaksin គឺអ្នកនាង Paetongtarn Shinawatra៕