(ហ្គាហ្សា)៖ ទីភ្នាក់ងារសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅមជ្ឈិមបូព៌ា (UNRWA) បានព្រមានថា តំបន់ហ្គាហ្សាកំពុងប្រឈមនឹងហានិភ័យនៃការរាតត្បាតជំងឺអាសន្នរោគ ដោយសារតែកង្វះទឹកស្អាត និងសីតុណ្ហភាពខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

UNRWA បានបង្ហាញក្តីបារម្ភអំពីការរីករាលដាលនៃជំងឺអាសន្នរោគ ដែលអាចធ្វើឱ្យស្ថានភាពរស់នៅដ៏លំបាករបស់ប្រជាជនកាន់តែធ្ងន់ធ្ងរឡើង។ ជាមួយគ្នានេះ UNRWA ក៏បានសង្កត់ធ្ងន់លើតម្រូវការនៃបទឈប់បាញ់ភ្លាមៗ ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកស្អាត និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជននៅក្នុងតំបន់នេះផងដែរ។

ជំងឺអាសន្នរោគ ជាជំងឺឆ្លងតាមរយៈទឹក និងអាហារមិនស្អាត ដែលបណ្តាលមកពីការបោះចោលកាកសំណល់មិនត្រឹមត្រូវ។ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានកើតឡើងជាច្រើនខែកន្លងមកនេះ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅហ្គាហ្សារងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ៕