(ម៉ូស្គូ)៖ អ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានឃាត់ខ្លួនពលរដ្ឋបារាំងម្នាក់ដែលសង្ស័យថា ប្រមូលព័ត៌មានស៊ើបការណ៍អំពីសកម្មភាពរបស់យោធារុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

គណៈកម្មាធិការស៊ើបអង្កេត ដែលទទួលបន្ទុកករណីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បានឱ្យដឹងថា បានបើកសំណុំរឿងព្រហ្មទណ្ឌមួយប្រឆាំងនឹងបុរសជនជាតិបារាំងរូបនោះ ដែលមិនត្រូវបានបញ្ចេញឈ្មោះ ពីបទបំពានច្បាប់រុស្ស៊ីស្តីពី «ភ្នាក់ងារបរទេស»។

សេចក្តីថ្លែងការណ៍បាននិយាយថា បុរសនោះបានប្រព្រឹត្ត «ការប្រមូលព័ត៌មានគោលដៅក្នុងវិស័យយោធា (និង) សកម្មភាពបច្ចេកទេសយោធានៃសហព័ន្ធរុស្ស៊ី» ដែលជាទង្វើដែលត្រូវផ្តន្ទាទោស។

គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា «ព័ត៌មានបែបនេះ ប្រសិនបើទទួលបានដោយប្រភពបរទេស អាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងសន្តិសុខរបស់រដ្ឋ»។ សេចក្តីបន្ថែមថា បុរសនោះបានទៅលេងប្រទេសរុស្ស៊ីម្តងហើយម្តងទៀតអស់រយៈពេលជាច្រើនឆ្នាំ ហើយបានជួបជាមួយពលរដ្ឋរុស្ស៊ី។

ការចោទប្រកាន់នេះមានការផ្តន្ទាទោសពី ៥ឆ្នាំឡើង។ ទោះជាយ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗណាមួយពីក្រសួងការបរទេសបារាំងនៅទីក្រុងប៉ារីសទេ។

វីដេអូឃ្លីបខ្លីមួយដែលចេញផ្សាយ ដោយគណៈកម្មាធិការស៊ើបអង្កេតបានបង្ហាញបុរសម្នាក់ស្លៀកខោខូវប៊យ និងអាវយឺតខ្មៅត្រូវបានឃាត់ខ្លួននៅក្នុងភោជនីយដ្ឋានមួយ ដោយមន្ត្រីសន្តិសុខដែលមានរបាំងមុខ ត្រូវបានដឹកចូលទៅក្នុងឡាន រួចដើរចូលទៅក្នុងអគារមួយ។ មុខរបស់ជនសង្ស័យត្រូវបានដាក់ព្រិលមិនមើលឱ្យស្គាល់៕