(ប្រាក)៖ រថភ្លើងដឹកអ្នកដំណើរបានបុកគ្នា ជាមួយរថភ្លើងដឹកទំនិញនៅសាធារណរដ្ឋឆែក កាលពីយប់ថ្ងៃពុធ បណ្តាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និង ២៧នាក់ផ្សេងទៀតរងរបួស។ គ្រោះថ្នាក់នេះបានកើតឡើងនៅទីក្រុង Pardubice ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងប្រាក។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

រថភ្លើងដឹកអ្នកដំណើរ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន RegioJet កំពុងធ្វើដំណើរពីទីក្រុងប្រាក ឆ្ពោះទៅកាន់ទីក្រុង Kosice នៅប្រទេសស្លូវ៉ាគី មុនពេលវាបុកជាមួយរថភ្លើងដឹកទំនិញ។ ក្នុងចំណោមជនរងគ្រោះ មានស្ត្រីជនជាតិអ៊ុយក្រែនពីរនាក់បានស្លាប់បាត់បង់ជីវិត។

ក្រុមអ្នកជួយសង្រ្គោះបានមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងស្រាវជ្រាវអ្នកបាត់ខ្លួន។ អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ដែលបាននាំឲ្យមានការបិទផ្លូវរថភ្លើងសំខាន់ៗជាបណ្តោះអាសន្ន។

នាយករដ្ឋមន្ត្រី លោក Petr Fiala បានហៅការធ្លាក់នេះថាជាសោកនាដកម្មដ៏ធំ និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ លោកក៏បានសន្យាថានឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងចាត់វិធានការបង្ការកុំឱ្យមានហេតុការណ៍ស្រដៀងគ្នានេះ កើតឡើងម្តងទៀតនាពេលអនាគត៕