(ម៉ាឌ្រីដ)៖ ប្រទេសអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសថា ខ្លួននឹងចូលរួមក្នុងសំណុំរឿងប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូង ប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការឈ្លានពានរបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albarez បានពន្យល់ថា ជំហាននេះមានគោលបំណងស្តារសន្តិភាពនៅតំបន់ហ្គាហ្សា និងមជ្ឈិមបូព៌ាឡើងវិញ។ លោកបានគូសបញ្ជាក់ពីជម្លោះដ៏គ្រោះថ្នាក់ដោយកត់សម្គាល់ថា «សង្រ្គាមទ្រង់ទ្រាយធំដែលមិនបែងចែករវាងគោលដៅស៊ីវិល និងយោធា» កំពុងកើនឡើងនៅហ្គាហ្សា។
គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូងបានដាក់ពាក្យបណ្ដឹងកាលពីខែធ្នូ ឆ្នាំ២០២៣ ដោយចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា រំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨។
ជាការឆ្លើយតប តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី២៦ ខែមករា បានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍ បញ្ឈប់ការញុះញង់ប្រឆាំងនឹងប៉ាឡេស្ទីន។ បន្ទាប់មកទៀតនៅថ្ងៃទី២៤ ខែឧសភា តុលាការដដែលនេះ ក៏បានទាមទារឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការវាយប្រហារដោយយោធាអ៊ីស្រាអែលនៅទីក្រុង Rafah។
លោក Albarez បានចង្អុលបង្ហាញថា វិធានការបង្កាការពារទុកជាមុន ដែលបានធ្វើឡើងដោយតុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវបានអនុវត្តពេញលេញទេ។ ខណៈពេលដែលអេស្ប៉ាញមិនកាត់ទោសឧក្រិដ្ឋកម្មដោយខ្លួនឯង លោកបានសង្កត់ធ្ងន់ថា តួនាទីរបស់អេស្ប៉ាញគឺគាំទ្រដល់តុលាការក្នុងការបកស្រាយ និងអនុវត្តវិធានការទាំងនេះ។ ប្រទេសអេស្ប៉ាញនឹងបញ្ជូនរបាយការណ៍ទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយបញ្ជាក់ពីការចូលរួមក្នុងសំណុំរឿងនេះ៕