(ប៉ារីស)៖ ការិយាល័យរដ្ឋអាជ្ញាប្រឆាំងភេរវកម្ម PNAT របស់បារាំង បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ប៉ូលិសបានចាប់ខ្លួនបុរសអាយុ ២៦ឆ្នាំម្នាក់សញ្ជាតិអ៊ុយក្រែន-រុស្ស៉ី បន្ទាប់ពីបុរសរូបនោះបំផ្ទុះខ្លួនឯងជាមួយនិងគ្រឿងផ្ទុះ នៅក្នុងបន្ទប់សណ្ឋាគារមួយនៃភាគខាងជើងទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ ២០២៤។
ហេតុការណ៍នោះបានកើតឡើងកាលពីដើមសប្តាហ៍ ដោយបុរសរូបនោះ ត្រូវបានអ្នកពន្លត់អគ្គិភ័យ ជួយព្យាបាលបឋមក្រោយរងការរលាកធ្ងន់ធ្ងរ។ ការឆែកឆេរបន្ទប់របស់គាត់ រកឃើញមានសម្ភារសម្រាប់ផលិតគ្រឿងផ្ទុះ។ ពេលនេះ PNAT កំពុងធ្វើការជាមួយភ្នាក់ងារចារកម្ម ក្នុងស្រុក ដើម្បីបើកការស៉ើបអង្កេតទៅលើបុរសសង្ស័យថា បានចូលរួមរៀបចំផែនការភេរវកម្ម និងការបំផ្ទុះគ្រាប់បែក។ ទាំងស្ថានទូតអ៊ុយក្រែន និងស្ថានទូតរុស្ស៉ីប្រចាំទីក្រុងប៉ារីស មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
គួរបញ្ជាក់ថា បារាំង ស្ថិតក្នុងការប្រុងប្រយ័ត្នចំពោះការគំរាមកំហែងផ្នែកសន្តិសុខជាអតិបរមា ខណៈដែលនៅសល់ពេលមិនដល់ពីរខែទៀតទេ នឹងត្រូវដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស៕