(វ៉ាស៉ីនតោន)៖ មនុស្សជាង ១០នាក់ត្រូវបានចាប់ខ្លួន នៅឯសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋ California សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមបាតុករជានិស្សិតគាំទ្រប៉ាឡេស្ទីន ព្យាយាមនៅកាន់កាប់ក្នុងការិយាល័យរបស់ប្រធានសាកលវិទ្យាល័យ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ ២០២៤។
វាជាការប៉ះទង្គិចគ្នាថ្មីចុងក្រោយរវាងនិស្សិតអាមេរិក និងអាជ្ញាធរ ជុំវិញសង្រ្គាមរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា។ កាសែត The Stanford Daily បានឱ្យដឹងថា សិស្សប្រហែល ១០នាក់ បានចូលទៅក្នុងអគាររដ្ឋបាល កាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលជាថ្ងៃចុងក្រោយនៃការសិក្សា សម្រាប់ត្រីមាសនិទាឃរដូវ ខណៈសិស្សប្រហែល ៥០នាក់ទៀតព្យាយាមឡោមព័ទ្ធអាគារដោយស្រែកថា «ប៉ាឡេស្ទីននឹងមានសេរីភាព»។
ក្រុម Liberate Stanford បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ថា «ក្រុមនិស្សិតឯករាជ្យ» បានកាន់កាប់ការិយាល័យ របស់លោក Richard Saller ដែលជានាយកសាកលវិទ្យាល័យ ហើយសិស្ស-និស្សិត អំពាវនាវឱ្យសាលាដកការជាប់ពាក់ព័ន្ធចេញ ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល នៅក្នុងចំណោមការទាមទារផ្សេងទៀត។ ពីរម៉ោងក្រោយមក ប៉ូលិសបានគាស់របាំងរបស់ក្រុមបាតុករ ហើយសម្រុកចូលទៅក្នុងអគារ។ មនុស្ស ១៣នាក់ត្រូវបានចាប់ខ្លួន រីឯមន្ត្រីប៉ូលិសម្នាក់រងរបួស ខណៈអគារការិយាល័យ បានខូចខាតខ្លាំងគួរសម។ ចំណែកខាងសាលា បានឱ្យដឹងថា សិស្សដែលត្រូវចាប់ខ្លួននឹងត្រូវព្យួរការសិក្សា ហើយខ្លះនឹងមិនត្រូវបានអនុញ្ញាត ឱ្យបញ្ចប់ការសិក្សាឡើយ។
គួរបញ្ជាក់ថា មានការចាប់ខ្លួននិស្សិតរាប់រយនាក់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការធ្វើបាតុកម្ម សង់ជំរំក្នុងបរិវេណសាលា ហើយករណីខ្លះមានការដណ្តើមកាន់កាប់អគារថែមទៀត ដើម្បីប្រឆាំងនឹងសកម្មភាពរបស់យោធាអ៉ីស្រាអែល លើតំបន់ហ្កាហ្សា៕