(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខ (DSCA) នៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក បានអនុម័តយល់ព្រមចំពោះការលក់គ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំង F-16 ឱ្យទៅតៃវ៉ាន់ ក្នុងតម្លៃប្រហែល៨០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤។

ទីភ្នាក់ងារ DSCA បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការលក់គ្រឿងបន្លាស់យន្តហោះចម្បាំងខាងលើ នឹងជួយធ្វើឱ្យប្រសើរឡើង នូវសន្តិសុខរបស់កោះតៃវ៉ាន់ ហើយវាក៏នឹងចូលរួមជួយផងដែរ ក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា ក៏ដូចជាវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងតំបន់។ ខាងក្រសួងការពារជាតិតៃវ៉ាន់ បានចេញមុខអរគុណសហរដ្ឋអាមេរិក និងថែមទាំងបាននិយាយថា ការលក់បរិក្ខារយោធានេះ នឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធ ព្រមទាំងបំពេញតម្រូវការ នៃកងទ័ពអាកាសរបស់ខ្លួន។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ត្រូវចិនចាត់ទុកជាដែនដីមិនអាចកាត់ផ្តាច់បានដាច់ខាតរបស់ខ្លួន ហើយកន្លងមកទីក្រុងប៉េកាំង បានទាមទារម្តងហើយម្តងទៀត ឱ្យសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកដ៏សំខាន់នៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធចម្បងរបស់​តៃវ៉ាន់ បញ្ឈប់ការលក់បរិក្ខារយោធានិងអាវុធ ឱ្យទៅដែនកោះនេះ៕