(ដូហា)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាតា (QNA) បានរាយការណ៍ថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងព្រះមហាក្សត្រកាតា ព្រះអង្គ Tamim bin Hamad al-Thani កាលពីថ្ងៃពុធសប្តាហ៍នេះ បានពិភាក្សាអំពីវិធីសាស្រ្តដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី អូសបន្លាយពេលជាង ២៧ខែមកនេះ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា បណ្តាញទំនាក់ទំនងដោយបើកចំហ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងដូហា កាលពីថ្ងៃពុធ ហើយលោក និងព្រះអង្គ Tamim bin Hamad al-Thani ក៏បានពិភាក្សាគ្នាផងដែរ អំពីកិច្ចប្រជុំ កំពូលសន្តិភាពអ៊ុយក្រែន ដែលគ្រោងរៀបចំក្នុងប្រទេសស្វីស នាសប្តាហ៍ក្រោយ។ បើតាម QNA ការពិភាក្សាក៏បានផ្តោតលើការវិវត្តន៍នៃសង្រ្គាម រួមទាំងកិច្ចខិតខំប្រឹងប្រែងជា អន្តរជាតិដើម្បីបញ្ចប់សង្រ្គាម ការការពារជនស៉ីវិល និងការរក្សាបណ្តាញទំនាក់ទំនងដោយបើកចំហ ដើម្បីដោះស្រាយវិបត្តិតាមរយៈកិច្ចសន្ទនា និងមធ្យោបាយការទូត។

ក្រៅពីនេះ កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ក៏ត្រូវបាន លើកយកមកពិភាក្សាផងដែរ។ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណព្រះមហាក្សត្រកាតា ចំពោះ ការគាំទ្របូរណភាពទឹកដីអ៊ុយក្រែន និងការគាំទ្ររបស់កាតាចំពោះ ដំណោះស្រាយអង្គការសហប្រជាជាតិ ដែលថ្កោលទោសសង្រ្គាមរបស់រុស្ស៉ី ព្រមទាំងការដើរតួនាទីក្នុង ការសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍កុមារអ៊ុយក្រែនជាច្រើននាក់ ដែលទីក្រុងកៀវចោទថារុស្ស៉ីបានចាប់ពង្រត់។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអ៊ុយក្រែន បាននិងពុងពង្រីកការធ្វើទំនាក់ទំនង និងការធ្វើដំណើរទៅបញ្ចុះបញ្ចូលប្រទេសជាច្រើនទៀត ជាពិសេសក្នុងក្រុមប្រទេស Global South ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា នៅទីក្រុង Lucerne ប្រទេសស្វីស៕