(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤នេះបានអះអាងថាខ្លួនបានបើកការវាយប្រហារលើសាលារៀនមួយកន្លែងក្នុងតំបន់តំបន់ហ្កាហ្សា ដែលមានលួចលាក់ទីបញ្ជាការមួយរបស់ក្រុមហាម៉ាសនៅទីនោះ ដោយសម្លាប់ក្រុមអ្នកប្រយុទ្ធជាច្រើននាក់។ ប៉ុន្តែខាងប្រព័ន្ធផ្សព្វផ្សាយហ្កាហ្សាបាននិយាយថាការវាយប្រហារ តាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោច ២៧នាក់ដែលកំពុងស្វែងរកកន្លែងជ្រកកោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Ismail Al-Thawabta ជានាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស បានច្រានចោលការអះអាងរបស់អ៉ីស្រាអែលដែលថាសាលារៀនខាងលើ ប្រតិបត្តិការដោយ UN ក្នុងទីក្រុង Nuseirat នៅភាគកណ្ដាលតំបន់ហ្កាហ្សា មានលួចលាក់ទីបញ្ជាការមួយរបស់ក្រុមហាម៉ាស។ «ពួកឈ្លានពាន (អ៉ីស្រាអែល) កំពុងបំភ័ន្ត សាធារណមតិតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបិទបាំងបទឧក្រិដ្ឋឃោរឃៅរបស់ពួកគេប្រឆាំងនឹងជនភៀសខ្លួនរាប់សិបនាក់»។ នេះគឺជាការបញ្ជាក់របស់លោក Thawabta ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បាននិយាយថាមុននឹងបើកការវាយប្រហារតាមផ្លូវអាកាសដោយយន្ដហោះចម្បាំង យោធាបានចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យនៃ ផលប៉ះពាល់ដល់ជនស៊ីវិល។ អ៉ីស្រាអែលក៏បានបញ្ជាក់ដែរថានឹងមិនមានឡើយការបញ្ឈប់ការវាយប្រហារ អំឡុងកិច្ចចរចាបទឈប់បាញ់៕