(សេអ៊ូល)​៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាត្បូង Yonhap នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនានេះបានរាយការណ៍ថាសកម្មជនកូរ៉េខាងត្បូងបានបង្ហោះបាឡុងចំនួន១០ សណ្ដោងខិត្តប័ណ្ណរិះគន់ ប្រឆាំងលោក គីម ជុងអ៊ុន ចូលដីកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបង្ហោះបាឡុងសណ្ដោងសំរាមរាប់រយចូលដីកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន។ នេះបើយោងតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

កូរ៉េខាងជើងបាននិយាយថាបាឡុងរបស់ខ្លួន ដែលផ្ទុកសំរាមដូចជាកន្ទុយបារី និងសំណល់បា្លស្ទិកជាដើម គឺជាវិធានការសងសឹកទៅនឹងការបង្ហោះបាឡុងឃោសនារិះគន់លោក គីម ជុងអ៊ុន ដោយក្រុមសកម្មជនកូរ៉េខាងត្បូង។ ខណៈប្រកាសបញ្ឈប់យុទ្ធនាការបង្ហោះបាឡុងនេះ ទីក្រុងព្យុងយ៉ាងបានព្រមានថាអាចនឹងចាប់ផ្ដើមយុទ្ធនាការនេះឡើងវិញគ្រប់ពេល ប្រសិនបើ ក្រុមសកម្មជនកូរ៉េខាងត្បូងនៅតែបន្តបង្ហោះបាឡុងចូលដីកូរ៉េខាងជើង។ តាម Yonhap ក្រុមសកម្មជនដឹកនាំដោយជនជាតិកូរ៉េខាងជើងដែលកំពុងរស់នៅជ្រកកោនក្នុងប្រទេសកូរ៉េខាងត្បូង មានឈ្មោះថា Free North Korea Movement បានអះអាងថាពួកគេបានបង្ហោះបាឡុងចំនួន១០ សណ្ដោងខិត្តប័ណ្ណជាង ២០០ ០០០សន្លឹក ចូលដីកូរ៉េខាងជើងនៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ បាឡុងទាំងនេះដែរត្រូវបានបង្ហោះចេញពីទីក្រុង Pocheon ខេត្ត Gyeonggi ហើយក៏មានផ្ទុក flash drives ផ្ទុកចម្រៀង និងតន្ត្រីកូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅក្នុងសប្ដាហ៍នេះបានប្រកាសផ្អាកទាំងស្រុងនូវការអនុវត្តទាំងឡាយតាមកិច្ចព្រមព្រៀងយោធាមួយដែលត្រូវបាន ចុះហត្ថលេខាជាមួយកូរ៉េខាងជើង កាលពីឆ្នាំ២០១៨ ជាការឆ្លើយតបទៅនឹងការបង្ហោះបាឡុងសំរាមរបស់ទីក្រុងព្យុងយ៉ាង។ តាមរយៈការផ្អាកនេះ កូរ៉េខាងត្បូងនឹងចាប់ផ្ដើមឡើងវិញនូវ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងដំណើរការឧបករណ៍បំពងសំឡេងឃោសនារិះគន់កូរ៉េខាងជើងនៅតំបន់ព្រំដែនឡើងវិញផងដែរ៕