(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើដំណើរទៅកាន់ព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់នៅថ្ងៃពុធនេះ ហើយបាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការដ៏ខ្លាំងក្លានៅភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។
ការព្រមាននេះ កើតឡើងចំពេលដែលទីប្រជុំជនអ៊ីស្រាអែលភាគច្រើន ដែលនៅជិតព្រំដែនជាមួយលីបង់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ដោយសារការប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីក្រុមហេសបូឡា។
លោក Netanyahu បាននិយាយថា «អ្នកណាដែលគិតថាពួកគេអាចធ្វើបាបយើង ហើយយើងនឹងឈរមើលគឺខុសហើយ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការយ៉ាងខ្លាំងនៅភាគខាងជើង។ ទោះយ៉ាងណាក៏ដោយ យើងនឹងស្តារសន្តិសុខឡើងវិញនៅភាគខាងជើង»។
គួរជម្រាបថា ក្នុងរយៈពេលប្រាំបីខែកន្លងមកនេះ អ៊ីស្រាអ៊ែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានផ្លាស់ប្តូរការបាញ់ប្រហារ ស្របគ្នាជាមួយនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា ដោយបង្កើនការភ័យខ្លាចនៃជម្លោះកាន់តែទូលំទូលាយ។ អរិភាពនាពេលបច្ចុប្បន្នត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦ ដែលបណ្តាលឱ្យមានការផ្លាស់ទីលំនៅរាប់ម៉ឺននាក់នៅសងខាងព្រំដែន៕