(តូក្យូ)៖ ប្រទេសជប៉ុន បានចូលរួមសម្តែងការអបអរសាទរចំពោះនាយករដ្ឋមន្រ្តី លោក Narendra Modi ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនៅអាណត្តិថ្មីនេះ ហើយហៅឥណ្ឌាថាជាដៃគូដ៏សំខាន់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ ២០២៤។
អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាល លោក Yoshimasa Hayashi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងសូមចូលរួមអបអរសាទរ ដល់ក្រុមចម្រុះនៃគណបក្សកាន់អំណាច ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Modi ចំពោះជោគជ័យរបស់ខ្លួន»។ លោក Hayashi បានបន្ថែមថា «ឥណ្ឌាគឺជាដៃគូដ៏សំខាន់សម្រាប់ការសម្រេចបាន នូវឥណ្ឌូប៉ាស៉ីហ្វិកសេរី និងបើកចំហ ហើយយើងនឹងបន្តពង្រឹងទំនាក់ទំនងជប៉ុន-ឥណ្ឌា»។
គួរបញ្ជាក់ថា ជប៉ុន និងឥណ្ឌា សុទ្ធតែជាសមាជិកនៃ Quad ដែលជាក្រុមប្រទេសរួមមានទាំង សហរដ្ឋអាមេរិក ក៏ដូចជាអូស្រ្តាលី។ លោក Modi ក៏ធ្លាប់បានចូលរួមកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima បើទោះបីជាឥណ្ឌាមិនមែនជាសមាជិករបស់ប្លុកក្តី៕