(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការបន្តទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសឥណ្ឌា ជាមួយនិងការពិភាក្សាលើក្តីបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស បន្ទាប់ពីការបោះឆ្នោតដែលលោក Narendra Modi ត្រូវកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ្មីទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ ២០២៤។
គណបក្សរបស់លោក Modi និងគណបក្សជាសម្ព័ន្ធមិត្តរបស់លោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលដែលបាន ចាយពេលជាច្រើនសប្ដាហ៍មកនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា «ខ្ញុំរំពឹងថានឹងបន្តភាពជាដៃគូជិតស្និទ្ធ រវាងសហរដ្ឋអាមេរិក និងឥណ្ឌា ទាំងនៅកម្រិតរដ្ឋាភិបាល កម្រិតប្រជាជន និងប្រជាជន»។ អ្នកនាំពាក្យក្រសួងការបរទេស បានបន្ថែមថា «ពេលដែលយើងមានក្តីបារម្ភអំពីសិទ្ធិមនុស្ស ដូចជានៅក្នុងប្រទេសឥណ្ឌា យើងបានបង្ហាញចេញដោយបើកចំហ និងដោយផ្ទាល់ ទៅកាន់រដ្ឋាភិបាលឥណ្ឌា។ យើងបានធ្វើវារួចហើយ ហើយយើងនឹងបន្តធ្វើទៀត ដូចដែលយើងធ្វើជាមួយប្រទេសផ្សេងទៀត នៅជុំវិញពិភពលោក»។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ លោក Modi ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន ប្រទេសទាំងពីរ បានប្រកាសកិច្ចព្រមព្រៀងជាច្រើនស្តីពីគ្រឿងអេឡិចត្រូនិក សារធាតុរ៉ែសំខាន់ៗ បច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអវកាស៕