(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានដាក់ចេញនូវបម្រាមយ៉ាងទូលំទូលាយមួយ ដើម្បីបញ្ឈប់ការមកដល់នូវ ជនចំណាកស្រុកខុសច្បាប់ ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៉ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

នេះជាចំណាត់ការដ៏ធំមួយរបស់លោក បៃដិន ដែលគេមើលឃើញថាត្រូវបានដាក់ចេញមុនការបោះឆ្នោតប្រធានាធិបតី នាខែវិចិ្ឆកាមកដល់។ បើតាមក្រសួងសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ជនចំណាកស្រុកដែលចាប់បានថាឆ្លងដែនខុសច្បាប់ អាចត្រូវនិរទេសភ្លាមៗ ឬបញ្ជូនទៅម៉ិកស៉ិកវិញ នៅក្រោមវិធានការដែលបានចូលជាធរមាន បន្ទាប់ពី ពាក់កណ្តាលអធ្រាត្រម្សិលមិញ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែ នឹងមានការលើកលែងចំពោះកុមារដែលគ្មានអាណាព្យាបាល ក្រុមមនុស្សមានបញ្ហាសុខភាព និងជនរងគ្រោះ នៃការជួញដូរ។

គួរបញ្ជាក់ថា លោក បៃដិន បានបង្កើនការរឹតបន្តឹងសន្តិសុខនៅតាមព្រំដែន ចំពោះមុខការកើនឡើងនៃជនចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក ក្លាយជាបញ្ហាដ៏សំខាន់ សម្រាប់ការបោះឆ្នោតប្រធានាធិបតី និងជាពេលដែលលោកត្រូវប្រឈមមុខ ជាមួយដៃគូប្រកួតប្រជែងចាស់គឺ លោក ដូណាល់ ត្រាំ ដែលប្រកាន់គោលជំហរតឹងរ៉ឹងលើ បញ្ហាអន្តោប្រវេសន៍ ហើយបានប្តេជ្ញាថានឹងមានការបង្រ្កាបយ៉ាងទូលំទូលាយ ប្រសិនបើលោកជាប់ឆ្នោតជាថ្មី៕