(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ថាអាជ្ញាធរប៉ាឡេស្ទីនដែលកំពុងគ្រប់គ្រងតំបន់ West Bank គួរតែជាអ្នកដឹកនាំតំបន់ហ្កាហ្សា នៅពេលអនាគត។ នេះបើតាមការបញ្ជាក់ពីវិមានប្រធានាធិបតីបារាំង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
វិមានប្រធានាធិបតីបារាំង បានឱ្យដឹងថាការកត់សម្គាល់របស់លោក Macron ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Netanyahu ហើយក្នុងកិច្ចសន្ទនានោះដែរ លោកប្រធានាធិបតីបារាំង បានបង្ហាញការគាំទ្រដល់ផែនការបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ប្រកាសដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីពេលថ្មីៗនេះ។ «កិច្ចព្រមព្រៀងនេះគួរតែបើកចំហឡើងវិញនូវទស្សនៈវិស័យគួរឱ្យទុកចិត្តបានមួយ សម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋ២ ដែលម្ខាងអាចផ្ដល់ឱ្យ អ៉ីស្រាអែលនូវការធានាសន្តិសុខចាំបាច់ និងឆ្លើយតបទៅនឹងសេចក្ដីប្រាថ្នាស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន»។ នេះជាការលើកឡើងរបស់លោក ម៉ាក្រុង។
លោក ម៉ាក្រុងបន្តទៀតថា តំបន់ហ្កាហ្សាត្រូវតែបញ្ចូលជាផ្នែកមួយនៃអនាគតរដ្ឋប៉ាឡេស្ទីន ហើយគួរតែឱ្យអាជ្ញាធរប៉ាឡេស្ទីន ក្រោមការគាំទ្រពីអន្តរជាតិជាអ្នកគ្រប់គ្រងលើ តំបន់នេះ។
គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន អ៉ីស្រាអែលបានស្នើឡើងបទឈប់បាញ់ថ្មីមួយចែកចេញជា ៣ដំណាក់កាល ដែលនឹងនាំទៅរកការដកកងទ័ពអ៉ីស្រាអែលចេញពីទីប្រជុំជន ក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង។ ប៉ុន្តែ ខាងការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានបញ្ជាក់ថាសង្រ្គាមនឹងមិនបញ្ចប់ទេ បើអ៉ីស្រាអែលមិនអាចសម្រេច គោលដៅរបស់ខ្លួន ក្នុងនោះរួមមានការកម្ទេចសមត្ថភាពយោធា និងសមត្ថភាពដឹកនាំរបស់ក្រុមហាម៉ាសទាំងស្រុងបានទេនោះ៕