(នៅលើយន្ដហោះ Air Force One)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងទីក្រុង Normandy ប្រទេសបារាំង ក្នុងសប្ដាហ៍នេះ ហើយនឹងជួបគ្នាម្ដងទៀត នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអ៉ីតាលី ដើម្បីពិភាក្សាពីការតស៊ូប្រយុទ្ធរបស់ទីក្រុងកៀវ ប្រឆាំងនឹងរុស្ស៉ី។ នេះបើយោងតាមការបញ្ជាក់ពីសេតវិមានកាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការបញ្ជាក់របស់សេតវិមានខាងលើ កើតមានឡើងចំពេលលោក ចូ បៃដិន កំពុងប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីលោកបានសម្រេចចិត្តបញ្ជូនអនុប្រធានាធិបតីរបស់លោកឱ្យ ចូលរួមតំណាងឱ្យសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសស្វីស នាពាក់កណ្ដាលខែមិថុនានេះ ខណៈរូបលោក ជាប់រវល់ចូលរួមក្នុងកម្មវិធីរៃអង្គាសប្រាស់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានឱ្យដឹងថាអំឡុងស្ថិតនៅក្នុងទីក្រុង Normandy ដើម្បីចូលរួមខួបលើកទី៨០ នៃទិវា D-Day សង្រ្គាមលោកលើកទី២ នៅក្នុងសប្ដាហ៍នេះ លោក បៃដិន នឹងមានឱកាសអង្គុយជជែកជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី។ លោកបន្ថែមទៀតថាលោក បៃដិន ក៏នឹងត្រូវជួបលោក ហ្សេលេនស្គីម្ដងទៀតដែរ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Bari ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ដែលនឹងផ្ដោតសំខាន់លើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៉ីដែលត្រូវបានបង្កកនៅតាមបណ្ដាប្រទេសលោកខាងលិច ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងសង្រ្គាមរបស់ អ៊ុយក្រែន។
គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន នៅក្នុងទីក្រុង Lucerne ប្រទេសស្វីសក្រោយកិច្ចប្រជុំ G7 នោះទេ ដោយសម្រេច បញ្ជូនអនុប្រធានាធិបតី លោកស្រី Kamala Harris និងលោក Sullivan ឱ្យចូលរួមជំនួសតំណាងឱ្យសហរដ្ឋអាមេរិក។ លោក ហ្សេលេនស្គីធ្លាប់បាននិយាយថាអវត្តមានរបស់ លោក បៃដិន ក្នុងកិច្ចប្រជុំនេះ វាប្រៀបបានដូចជាការទះដៃអបអរសាទរដោយផ្ទាល់ទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន៕