(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ បាននិយាយថាខ្លួនបានចុះកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង F-35 ចំនួ ន២៥គ្រឿង ក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិក Lockheed Martin ដោយការប្រគល់នឹងចាប់ផ្ដើមនៅឆ្នាំ២០២៨។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានគូសបញ្ជាក់ថា «ក្នុងពេលដែលសត្រូវរបស់យើងមានគោលដៅបំផ្លាញ ទំនាក់ទំនងរបស់ពួកយើងដែលជាសម្ព័ន្ធមិត្តដ៏អស្ចារ្យនឹងគ្នា យើងមានតែត្រូវពង្រឹងសម្ព័ន្ធភាពរបស់យើងឱ្យកាន់តែរឹងមាំឡើងប៉ុណ្ណោះ»។ លោកបន្តថាកិច្ចព្រមព្រៀង ទិញយន្ដហោះចម្បាំងដ៏ទំនើបនេះគឺជាសារដ៏មានថាមពលមួយបញ្ជូនទៅកាន់សត្រូវរបស់យើងនៅទូទាំងតំបន់។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអ៉ីស្រាអែល កិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំងខាងលើ នឹងធ្វើឱ្យចំនួនយន្ដហោះចម្បាំង F-35 របស់កងទ័ពអាកាសកើនដល់ ៧៥គ្រឿង។ អ៉ីស្រាអែលគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងប្រើប្រាស់យន្ដហោះចម្បាំងអាមេរិក F-35 ហើយកាលពីខែឧសភា ឆ្នាំ២០១៨ អ៉ីស្រាអែលក៏បានអះអាងផងដែរថាខ្លួនបានក្លាយជាប្រទេសដំបូងគេដែលបានប្រើយន្ដហោះចម្បាំងដ៏ទំនើបមួយនេះនៅក្នុងសមរភូមិ៕