(វ៉ាស៊ីនតោន)៖ រដ្ឋសភារបស់សហរដ្ឋអាមេរិក ដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តសេចក្ដីព្រាងច្បាប់មួយ ដើម្បី ដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញការសម្រេចចិត្តរបស់រដ្ឋអាជ្ញានៃតុលាការមួយនេះ ក្នុងការស្នើសុំដីកាចាប់ខ្លួនថ្នាក់ដឹកនាំអ៉ីស្រាអែលពាក់ព័ន្ធនឹងសង្រ្គាម នៅហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការអនុម័តសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មលើ ICC ធ្វើឡើងក្នុងសំឡេងគាំទ្រ ២៤៧ ទល់នឹង១៥៥សំឡេងជំទាស់ ហើយក្នុងនោះមានសមាជិករដ្ឋសភាមកពីបក្សប្រជាធិបតេយ្យ ៤២រូប បានចូលរួមជាមួយសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋគាំទ្រវិធានការនេះ។ វិធានការនេះដែរត្រូវបានគេរំពឹងថានឹងមិនក្លាយជាច្បាប់ផ្លូវការមួយនោះទេ ប៉ុន្តែវាបាន ឆ្លុះបញ្ចាំងពីការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៉ីស្រាអែល នៅក្នុងសភាទាំង២របស់សហរដ្ឋអាមេរិក។
តាមសេចក្ដីព្រាងច្បាប់នេះ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើមនុស្សដែលមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងកាត់ទោសជនជាតិអាមេរិក ឬពលរដ្ឋនៃប្រទេសជាសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមេរិក ដែលមិនមែនជាសមាជិក ICC ក្នុងនោះដូចជា អ៉ីស្រាអែលជាដើម។ ទណ្ឌកម្មទាំងនោះរួមមានការហាមឃាត់ក្រុមមន្ត្រី ICC ចូលក្នុងសហរដ្ឋអាមេរិក លុបចោល ទិដ្ឋាការរបស់អាមេរិក និងដាក់កំហិតលើពួកគេពីការធ្វើប្រតិបត្តិការខាងអចលនទ្រព្យនៅក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សេតវិមានកាលពីខែមុន បានរិះគន់ការសម្រេចចិត្តរបស់រដ្ឋអាជ្ញាតុលាការ ICC ក្នុងការស្នើសុំដីកាចាប់ខ្លួន។ រដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយថា រូបលោកបានស្នើសុំដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែលរួមមានលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិរបស់លោក រួមទាំងមេដឹកនាំក្រុមហាម៉ាស៣នាក់ ក្រោមការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងសង្រ្គាមហ្កាហ្សា៕