(សេអ៊ូល)៖ នៅបន្ទាប់ពីបានបញ្ជូនបាឡុងសណ្ដោងសំរាមជិត ១០០០បាឡុង ចូលក្នុងទឹកដីកូរ៉េខាងត្បូង កូរ៉េខាងជើងកាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា បាននិយាយថាខ្លួននឹងបញ្ឈប់ការបញ្ជូន បាឡុងទាំងនេះប្រឆាំងនឹងអ្វីដែលរបបដឹកនាំទីក្រុងព្យុងយ៉ាងហៅថា «ក្រុមមនុស្សគ្មានប្រយោជន៍» ក្នុងប្រទេសកូរ៉េខាងត្បូង ដរាបណាពួកគេឈប់បញ្ជូនបាឡុងសណ្ដោងខិតបណ្ណរិះគន់ លោក គីម ជុងអ៊ុន ចូលក្នុងទឹកដីកូរ៉េខាងជើងដែរ។ មេដឹកនាំកូរ៉េខាងជើង និងក្រុមសកម្មជននៅកូរ៉េខាងត្បូងបានបង្ហោះបាឡុងឆ្លងព្រំដែនកូរ៉េដាក់គ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បី ប្រយោជន៍នយោបាយរៀងៗខ្លួន។ ឧបទ្ទវហេតុចុងក្រោយនេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃអង្គារសប្ដាហ៍មុន និងបន្តរហូតដល់ចុងសប្ដាហ៍កន្លងទៅនេះ ដោយបានពន្យារពេលជើងហោះហើរ នៅកូរ៉េខាងត្បូង ហើយមន្ត្រីកូរ៉េខាងត្បូងជាច្រើនត្រូវបានបញ្ជូនឱ្យទៅសម្អាតសំរាមទាំងនោះចេញ។ បើតាមក្រុមអ្នកវិភាគ ការបង្ហោះបាឡុងដាក់គ្នានេះអាចនឹងកើតឡើងម្តងទៀត។ ប៉ុន្តែហេតុអ្វី កូរ៉េខាងជើងបង្ហោះបាឡុងសណ្ដោងសំរាមចូលដីកូរ៉េខាងត្បូង?

* តើបាឡុងកូរ៉េខាងជើងសណ្ដោងអ្វីខ្លះ?
បើតាមយោធា និងប៉ូលិសកូរ៉េខាងត្បូង បាឡុងរបស់កូរ៉េខាងជើងមានផ្ទុកសំរាមផ្សេងៗ ដូចជាកន្ទុយបារី ខោអាវចាស់ៗ សំណល់ក្រដាស និង​ប្លាស្ទិក ហើយមានបាឡុងខ្លះថែមទាំង សណ្ដោងអាចម៍សត្វទៀតផង។ ប្រជាជនកូរ៉េខាងត្បូងត្រូវបានហាមឃាត់មិនឱ្យប៉ះពាល់របស់ទាំងនេះឡើយ។ ឧបទ្ទវហេតុបាឡុងមានប្រភពមកពីកូរ៉េខាងជើង កើតឡើងចុងក្រោយបំផុត កាលពីឆ្នាំ២០១៦ នៅពេលទីក្រុងព្យុងយ៉ាងបានបញ្ជូនខិតបណ្ណឃោសនាចូលទឹកដីកូរ៉េខាងត្បូង ដើម្បីរិះគន់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ថាជា «ឧបករណ៍ក្មេងលេង» របស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។

* ហេតុអ្វីកូរ៉េខាងជើងបង្ហោះបាឡុងចូលដីកូរ៉េខាងត្បូង?
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដោយផ្អែកលើការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងម្នាក់ បានរាយការណ៍កាលពីមួយសប្ដាហ៍មុនថាកូរ៉េខាងជើងនឹងបញ្ជូនសំរាមធ្វើឱ្យ រប៉ាត់រប៉ាយពាសពេញកូរ៉េខាងត្បូង ជាការឆ្លើយតបទៅនឹងអ្វីដែលរបបដឹកនាំលោក គីម ជុងអ៊ុន មើលឃើញថាជាការគំរាមកំហែងសន្តិសុខ តួយ៉ាងដូចសកម្មភាពស៊ើបការណ៍ តាមផ្លូវអាកាស។ ខណៈពិភពលោកចាប់អារម្មណ៍លើការបញ្ជូនបាឡុងទាំងនោះ កូរ៉េខាងជើងបានបញ្ជូនបាឡុងសណ្ដោងសំរាមបន្ថែមចូលក្នុងទឹកដីកូរ៉េខាងត្បូង ដោយបើយោងតាមការស្រង់សម្ដីពីអនុរដ្ឋមន្ត្រី ខាងលើដដែលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បាឡុងចំនួន ៣៥០០សណ្ដោងសំរាម ១៥តោនត្រូវបានបង្ហោះ។ ការបង្ហោះបាឡុងនេះដែរក៏ទំនងជាការឆ្លើយតបទៅនឹងសកម្មជនកូរ៉េខាងត្បូង ដែលបានបញ្ជូនបាឡុងសណ្ដោងខិតបណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ចូលទឹកដីកូរ៉េខាងជើង កាលពីខែឧសភាកន្លងទៅ។

* តើបាឡុងកូរ៉េខាងត្បូងវិញ សណ្ដោងអ្វីខ្លះ?
បាឡុងត្រូវបានក្រុមសកម្មជន និងជនជាតិកូរ៉េខាងជើងដែលរត់ទៅជ្រកកោនក្នុងប្រទេសកូរ៉េខាងត្បូង ប្រើប្រាស់ជាយូរណាស់មកហើយ ជាមធ្យោបាយបញ្ជូនសាររិះគន់លើការដឹកនាំរបស់ លោក គីម ជុងអ៊ុន ដោយជារឿយៗតែងតែបង្កើនភាពតានតឹងរវាងកូរ៉េទាំង២។ ជនជាតិកូរ៉េខាងជើងជាជនភៀសខ្លួនទាំងនេះបានដឹកនាំការបង្ហោះបាឡុង មានផ្ទុកខិតបណ្ណរិះគន់លោក គីម រួមមានទាំងលុយសុទ្ធ អង្ករ និង USB memory ដើម្បីជំរុញឱ្យប្រជាជនកូរ៉េខាងជើងរើសខិតបណ្ណទាំងនោះយកទៅអាន។ រដ្ឋាភិបាលមាននិន្នាការអភិរក្សនិយមដូចជា រដ្ឋាភិបាលសព្វថ្ងៃ របស់លោកប្រធានាធិបតី Yoon Suk Yeol ជាធម្មតាបានអត់ឱនឱ្យចំពោះយុទ្ធនាការបោះបង្ហោះឡុងនេះ។

តែរដ្ឋាភិបាលមាននិន្នាការចម្រើននិយម ក្នុងនោះរួមមានទាំងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានព្យាយាមរឹតត្បិតលើការបញ្ជូនបាឡុងចូលទឹកដី កូរ៉េខាងជើង ដើម្បីកុំឱ្យប៉ះពាល់ដល់គោលយោបាយផ្សះផ្សារបស់លោកជាមួយទីក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលរបស់លោក Moon ថែមទាំងបានចាត់ទុកយុទ្ធនាការបញ្ជូនបាឡុងចូលដី កូរ៉េខាងជើងជាទង្វើខុសច្បាប់ទៀតផង។ ប៉ុន្តែ នៅតែមិនអាចបញ្ឈប់លោក គីម ជុងអ៊ុនពីការកាត់ផ្ដាច់ការទាក់ទងជាមួយទីក្រុងសេអ៊ូល ឬបន្សាបកំហឹងរបស់លោកចំពោះខិតបណ្ណរិះគន់ បាននោះទេ។

* អ្វីទៅជាការព្រួយបារម្ភ?
ការព្រួយបារម្ភមួយក្នុងចំណោមការព្រួយបារម្ភធំៗផ្សេងទៀត នោះគឺការកើនឡើងភាពតានតឹងរវាងកូរ៉េទាំង២។ លោក គីម ជុងអ៊ុន បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភ នៅក្នុងឆ្នាំនេះ តែម្ដង ក្រោយលោកនិយាយថាកូរ៉េខាងជើងមានសិទ្ធិស្របច្បាប់ដើម្បីកម្ទេចកូរ៉េខាងត្បូង ហើយដើម្បីបង្ហាញថាលោកមិនមែនគំរាមតែមាត់ លោក គីម បានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក លុបចោល «គោលនយោបាយបង្រួបង្រួមជាតិដោយសន្តិវិធី» ចេញពីគោលនយោបាយជាតិរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិកវិញ បានចោទប្រកាន់កូរ៉េខាងជើងជាយូរមកដែរថាបាន និងកំពុង អភិវឌ្ឍកម្មវិធីអាវុធជីវសាស្ត្រ និងអាវុធគីមី។​ ដូច្នេះហើយ ទើបបាឡុងបានធ្វើឱ្យការព្រួយបារម្ភបែបនេះកើនឡើងរឹតតែខ្លាំងថាព្យុងយ៉ាងអាចនឹងប្រើវាជាមធ្យោបាយបញ្ជូនអាវុធ ទាំងនោះចូលទៅក្នុងដីកូរ៉េខាងត្បូង។ ផ្នត់គំនិតបែបនេះបានលេចឡើងក្នុងគោលគំនិតរបស់មេដឹកនាំកូរ៉េខាងជើង ក្រោយពួកគេបានចោទប្រកាន់ថាកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួនផ្ទុះឡើង កាលពីជាង២ឆ្នាំមុន គឺដោយសារតែបាឡុងមានប្រភពមកពីកូរ៉េខាងត្បូង។ តែក្រុមអ្នកជំនាញសុខាភិបាលជឿថាការអះអាងរបស់កូរ៉េខាងជើងជារឿងសឹងតែមិនអាចទៅរួចទេ។

* តើនឹងមានអ្វីកើតឡើងតទៅទៀត?
ការសម្រេចចិត្តធំនៅពេលនេះ គឺស្ថិតនៅក្នុងដៃរបស់លោក Yoon Suk Yeol ហើយការឆ្លើយតបជំហានដំបូងរបស់លោក នោះគឺការដំណើរផែនការមួយដើម្បីផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀង យោធាមួយដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង កាលពីឆ្នាំ២០១៨ ក្រោមគោលដៅបន្ធូរបន្ថយភាពតានតឹងលើឧបទ្វីបកូរ៉េ និងដែលធ្លាប់ត្រូវបានគេចាត់ទុកជាការបោះជំហានមួយ យ៉ាងសំខាន់ឆ្ពោះទៅរកការផ្សះផ្សា។ កូរ៉េទាំង២ បានដកខ្លួនចេញឆ្ងាយពីកិច្ចព្រមព្រៀងរៀងខ្លួនៗកាលពីប៉ុន្មានខែថ្មីនេះ ដោយកូរ៉េខាងជើងបាននិយាយកាលពីឆ្នាំមុនថាខ្លួននឹងហែកចោល កិច្ចព្រមព្រៀងនេះ។ ដរាបណា លោក Yoon នៅតែមានឆន្ទៈបញ្ចៀសជម្លោះ ឬភាពតានតឹងនៅតាមតំបន់ព្រំដែន ក្នុងនោះរួមមានដូចជាការចាក់ឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើង និងគ្រប់គ្រងការបង្ហោះបាឡុងរបស់សកម្មជននៅកូរ៉េខាងត្បូងក្នុងកម្រិតណាមួយ នោះស្ថានការណ៍អាចនឹងស្ងប់ស្ងាត់។

ក៏ប៉ុន្តែថាតើភាពស្ងប់ស្ងាត់នេះអាចមានរយៈពេលយូរប៉ុនណា វាជាបញ្ហាមួយផ្សេងទៀត។ ពីព្រោះគ្រប់គ្នាសុទ្ធតែដឹងថាកូរ៉េខាងជើងងាយឆាប់ខឹង។ ដូច្នេះសំណួរសំខាន់នោះគឺ របៀបដែល កូរ៉េខាងជើងបញ្ចេញកំហឹង ដែលអាចមានជាការធ្វើតេស្ដអាវុធ ឬបញ្ជូនបាឡុងបន្ថែមចូលទឹកដីកូរ៉េខាងត្បូង ឬក៏ធ្វើសកម្មភាពទាំង២នេះតែម្ដង៕