(វ៉ាស៉ីនតោន)៖ ប៉ូលិសក្រុង San Francisco បានចាប់ខ្លួនក្រុមបាតុករគាំទ្រប៉ាឡេស្ទីនចំនួន ៧០នាក់ បន្ទាប់ពីពួកគេបានចូលដោយគ្មានការអនុញ្ញាត ទៅក្នុងសាលទទួលភ្ញៀវនៃអគារមួយ ដែលស្ថានកុងស៊ុលអ៉ីស្រាអែលស្ថិតនៅ ហើយបដិសេធមិនព្រមចាកចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ ២០២៤។
ប៉ូលិស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «មន្ត្រីប៉ូលិសមានមូលហេតុ ដែលនាំទៅដល់ការចាប់ខ្លួនមនុស្ស ៧០នាក់ ដែលមិនព្រមចាកចេញពីអគារ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ»។ បើតាមកាសែត San Francisco Chronicle ក្រុមបាតុករ ដែលបញ្ចេញសំលេងប្រឆាំង នឹងសកម្មភាពយោធាអ៉ីស្រាអែលនៅតំបន់ហ្កាហ្សា និយាយថា ពួកគេគ្រោងនឹងស្ថិតនៅក្នុងអគារនោះ រហូតដល់ត្រូវបង្ខំឱ្យចាកចេញ។ ក្រុមឈ្មោះ International Jewish Anti-Zionist Network បានឱ្យដឹងថា មនុស្សចំនួន ១០០នាក់បានចូលរួមក្នុងការតវ៉ា។ ប៉ូលិស បាននាំខ្លួន ក្រុមអ្នកតវ៉ាចេញពីអគារម្តងម្នាក់ ហើយនាំចូលទៅក្នុងរថយន្តប៉ូលិស ដោយដៃរបស់ពួកគេត្រូវបានចងភ្ជាប់ទៅក្រោយ។
គួរបញ្ជាក់ថា ស្ថានកុងស៊ុលអ៉ីស្រាអែល លើកឡើងថា ខ្លួនមិនមានការភ្ញាក់ផ្អើលទេ ដែលក្រុមបាតុករចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនៃអគារស្ថានកុងស៊ុល ហើយចាត់ទុកពួកគេជា «អ្នកបះបោរគាំទ្រក្រុមហាម៉ាស» ខណៈដែលប៉ូលិស ឆ្លើយតបបានឆាប់រហ័ស ចំពោះហេតុការណ៍នេះ៕