(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នាថ្ងៃអង្គារនេះ បានឱ្យដឹងថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនសរុប២៣គ្រឿង បង្ហាញវត្តមាននៅក្បែរដែនកោះនេះ ក្នុងចន្លោះពេលមិនដល់៣ម៉ោងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានរក្សាវត្តមានយោធាជាប់សឹងតែរៀងរាល់ថ្ងៃ នៅក្បែរៗកោះតៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកនៃទឹកដីរបស់ប្រទេសចិន។ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រាប់ឱ្យដឹងដូច្នេះថា «គិតចាប់ពីម៉ោង៨៖២០នាទីព្រឹក យើងបានប្រទះឃើញជាបន្តបន្ទាប់ នូវយន្តហោះយោធាសរុបចំនួន ២៣គ្រឿងរបស់ចិន ក្នុងនោះ១៦គ្រឿង ថែមទាំងបានហោះឆ្លងខ្សែបន្ទាត់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់»។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះទាំងនោះ រួមមានទាំងយន្តហោះចម្បាំង យន្តហោះដឹកជញ្ជូន និងយន្តហោះដ្រូន។
បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ទីក្រុងតៃប៉ិ ក្នុងរង្វង់ពេល២៤ម៉ោង គិតត្រឹមម៉ោង៦ព្រឹកថ្ងៃអង្គារនេះវិញ ចិនក៏បានបញ្ជូនយន្តហោះយោធាសរុប១៩គ្រឿង នាវាយោធា៨គ្រឿង និងនាវាឆ្មាំសមុទ្រ៤គ្រឿង មកក្បែរៗកោះតៃវ៉ាន់ផងដែរ។ ភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃទី២០ ខែឧសភា របស់មេដឹកនាំតៃវ៉ាន់ថ្មី គឺលោក Lai Ching-te។ ចិនបានចោទថា សុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក ដែលអំឡុងពេលនោះ រូបលោកបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការការពារប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់តៃវ៉ាន់ គឺស្មើទៅនឹងការឆ្លើយសារភាព អំពីមហិច្ឆតាចង់បានឯករាជ្យសម្រាប់តៃវ៉ាន់។
គួរបញ្ជាក់ថា ៣ថ្ងៃបន្ទាប់ពីនោះ ចិនបានបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយឡោមព័ទ្ធតៃវ៉ាន់ ជាមួយយន្តហោះនិងនាវាយោធា ដើម្បីព្រមានចំពោះសកម្មភាពប៉ុនប៉ងផ្តាច់ខ្លួន។ មកទល់នឹងពេលនេះ ចិនមិនដែលធ្លាប់បោះបង់ចោលឡើយ នូវជម្រើសប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ៕