(ប៉េកាំង)៖ យានអវកាស Chang'e-6 របស់ចិន នាថ្ងៃអង្គារនេះ បានហោះឡើងដោយជោគជ័យចេញពីផ្ទៃរបស់ព្រះចន្ទ នៅចំហៀងដែលមិនបែររកផែនដី ឬហៅថា far side of the moon ដើម្បីនាំយកគំរូតាងដែលវាប្រមូលបានពីទីនោះ ត្រឡប់មកកាន់ភពរបស់យើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។
យាន Chang'e-6 បានចុះទៅដល់តំបន់រណ្តៅអាចម៍ផ្កាយដ៏ធំ ហៅថា South Pole-Aitken Basin របស់ព្រះចន្ទ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ខណៈបេសកកម្មរយៈពេលសរុប៥៣ថ្ងៃរបស់វា បានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែឧសភា នៅពេលយានអវកាសនេះ ត្រូវបានបញ្ជូនចេញពីផែនដី។ យាន Chang'e-6 បានប្រើប្រាស់មធ្យោបាយ២ផ្សេងគ្នា ដើម្បីប្រមូលគំរូតាង ដោយវិធីទី១ គឺប្រើប្រាស់ឧបករណ៍ខួងយកវត្ថុធាតុនៅខាងក្រោមផ្ទៃព្រះចន្ទ ហើយវិធីទី២ គឺប្រើប្រាស់ដៃយន្ត ដើម្បីប្រមូលកម្ទេចកម្ទីថ្មនិងដី នៅលើផ្ទៃព្រះចន្ទផ្ទាល់។ វាជាលើកដំបូងឡើយ ដែលគំរូតាងត្រូវប្រមូលយកពីចំហៀង far side របស់ព្រះចន្ទ។
គួរបញ្ជាក់ថា ចិនធ្លាប់បានបញ្ជូនយានរ៉ូបូតផ្សេងៗទៀត ឱ្យទៅចុះចតនិងធ្វើប្រតិបត្តិការ នៅលើផ្ទៃព្រះចន្ទក៏ដូចជាភពអង្គារ (Mars) ហើយជាប្រទេសទី៣ ដែលមានសមត្ថភាពនាំយក មនុស្សដោយខ្លួនឯងផ្ទាល់ ឡើងទៅដល់ទីអវកាស។ ចិនមានគោលដៅបញ្ជូន ក្រុមអវកាសយានិក ទៅកាន់ឋានព្រះចន្ទ ឱ្យបាននៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងសាងសង់មូលដ្ឋានមួយ នៅទីនោះថែមទៀតផង។ រីឯសហរដ្ឋអាមេរិកវិញ ក៏កំពុងមានផែនការបញ្ជូន ក្រុមអវកាសយានិកសាជាថ្មី ទៅកាន់ផ្ទៃព្រះចន្ទផងដែរ នៅឆ្នាំ២០២៦ តាមរយៈបេសកកម្ម Artemis 3 របស់ខ្លួន៕