(រ៉ូម)៖ បណ្តាមេដឹកនាំនៃក្រុមប្រទេស G7 បានសម្តែង «ការគាំទ្រយ៉ាងពេញទំហឹង» ហើយថានឹងនៅពីក្រោយកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងក្នុងសង្គ្រាមហ្កាហ្សា ដែលប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ជាមួយការអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។
បើតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ កិច្ចព្រមព្រៀងនោះ នឹងនាំទៅរកបទឈប់បាញ់បន្ទាន់មួយសម្រាប់តំបន់ហ្កាហ្សា ការដោះលែងចំណាប់ខ្មាំងនៅសេសសល់ ការបង្កើនលំហូរជំនួយមនុស្សធម៌ចូលក្នុងតំបន់ និងការបញ្ចប់វិបត្តិយូរអង្វែង ផ្អែកលើផលប្រយោជន៍សន្តិសុខអ៉ីស្រាអែល និងសុវត្ថិភាពជនស៉ីវិល។ G7 ដែលមានអ៉ីតាលី ជាប្រធានប្តូរវេនក្នុងឆ្នាំនេះ បានគូសបញ្ជាក់ឡើងវិញនូវការគាំទ្រសម្រាប់ផែនការនេះថា «វាជាមាគ៌ាដ៏គួរឱ្យទុកចិត្តឆ្ពោះទៅរកសន្តិភាព ឈានទៅរកដំណោះស្រាយរដ្ឋពីរ»។
គួរបញ្ជាក់ថា ផែនការកាលពីសប្តាហ៍មុនដែល លោក បៃដិន ពិពណ៌នាថាជាសំណើបទឈប់បាញ់របស់អ៉ីស្រាអែល គឺចែកចេញជាបីដំណាក់កាល ហើយទទួលបានប្រតិកម្ម ជាវិជ្ជមានពីក្រុមហាម៉ាស៕