(ហ្សួរិច)៖ សភាជាន់ខ្ពស់របស់ប្រទេសស្វីស កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានច្រានចោលនូវសំណើរួមចំណែកផ្តល់ជំនួយជាថវិកាចំនួន ៥ពាន់លានហ្វ្រង់ស្វីស ឬស្មើនឹង ៥.៥៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្រោមកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏ធំមួយ ដោយសំអាងថាផែនការនេះបានបំពានលើការរឹតត្បិតលើកម្ចី ក្នុងប្រទេសអព្យាក្រឹត មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។

ជំនួយសម្រាប់អ៊ុយក្រែន មានគោលបំណងជួយដល់ការកសាងឡើងវិញ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស។ ការច្រានចោលនូវសំណើនេះ ត្រូវបានគេព្យាករ ទុកមុនរួចហើយ ដោយសមាជិកសភាមកពីគណបក្សមាននិន្នាការស្ដាំនិយម ជាអ្នកជំទាស់។ ក្រុមសមាជិកសភា បានអះអាងថា កញ្ចប់ថវិកានោះគឺលើសពីដែនកំណត់នៃ ការផ្តល់កម្ចី។ ការច្រានចោលនេះទៀតសោត ក៏បានកើតមានឡើងក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលរដ្ឋាភិបាលស្វីសរៀបចំកិច្ចប្រជុំកំពូលមួយ ដែលមានបំណងត្រួសត្រាយផ្លូវស្វែងរកសន្តិភាពដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា ស្វីសបានរងសម្ពាធពីសម្ព័ន្ធមិត្តលោកខាងលិច ឱ្យធ្វើការបន្ថែមទៀតដើម្បីជួយដល់អ៊ុយក្រែន ខណៈដែលសមាជិកសភាស្តាំនិយម ជំរុញឱ្យរក្សាអព្យាក្រឹតយ៉ាងតឹងរ៉ឹង៕