(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីសេចក្ដីព្រាងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN គាំទ្រដល់ផែនការបទឈប់បាញ់ថ្មីមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលត្រូវបានទម្លាយឱ្យដឹងដោយលោកប្រធានាធិបតី ចូ បៃដិនកាលពីសប្ដាហ៍មុន ជាមួយ ការជំរុញឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាតិ លោកស្រី Linda Thomas-Greenfield បានគូសបញ្ជាក់ថា «មានមេដឹកនាំ និងរដ្ឋាភិបាលជាច្រើនក្នុងនោះរួមទាំង ប្រទេសក្នុងតំបន់ បានគាំទ្រលើផែនការបទឈប់បាញ់ថ្មីនេះ»។ សេចក្ដីព្រាងដំណោះស្រាយខាងលើដែលទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញ បានស្វាគមន៍ផែនការ បទឈប់បាញ់ថ្មីនេះដែលត្រូវបានប្រកាសកាលពីថ្ងៃទី៣១ ខែឧសភា ដោយលោក បៃដិន និងអំពាវនាវឱ្យផងដែរឱ្យក្រុមហាម៉ាសទទួលយក ហើយអនុវត្តតាមលក្ខខណ្ឌ នៃបទឈប់បាញ់ដោយមិនត្រូវពន្យារពេល និងគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទការបោះឆ្នោតលើសេចក្ដីព្រាងដំណោះស្រាយនេះ នៅឡើយទេ។

គួរបញ្ជាក់ថា លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រកាសពីផែនការបទឈប់បាញ់ថ្មីមួយដែលលោកផ្ទាល់អះអាងថាស្នើឡើងដោយអ៉ីស្រាអែល។ ផែនការ នេះចែកចេញជា ៣ ដំណាក់កាល បទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។ តែទោះជាបែបនេះក្ដី ការប្រេះឆាគ្នារវាង សម្ព័ន្ធមិត្តទាំង២ បានកើតឡើងជាថ្មី ក្រោយការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បញ្ជាក់ថាសង្រ្គាមហ្កាហ្សានឹងបន្តធ្វើឡើង រហូតទាល់តែគោលដៅទាំងអស់របស់អ៉ីស្រាអែល ក្នុងនោះរួមមានទាំងការកម្ទេចយោធា និងសមត្ថភាពអភិបាលកិច្ចរបស់ហាម៉ាស ទទួលបានជោគជ័យ៕