(រ៉ូម)៖ រដ្ឋមន្ត្រីការបរទេសអ៉ីតាលី លោក Antonio Tajani បានឱ្យដឹងថាប្រទេសរបស់លោកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស SAMP/T ទី២ ទៅឱ្យអ៊ុយក្រែន ជាការឆ្លើយតបនឹងការស្នើសុំរបស់ទីក្រុងកៀវ​ ដើម្បីជួយដល់ការទប់ទល់នឹងការវាយប្រហារដោយមីស៊ីលពីសំណាក់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Antonio Tajani ធ្វើការប្រកាសខាងលើក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុមួយនៅក្នុងស្រុក កាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា។ ប្រព័ន្ធការពារដែនអាកាស SAMP/T ឬហៅម្យ៉ាងទៀតថា MAMBA គឺជាប្រព័ន្ធការពារដែនអាកាសផលិតរួមគ្នាដោយបារាំង និងអ៉ីតាលី ដែលអាចចាប់សញ្ញា និងបាញ់ស្ទាក់គោលដៅ១០ ក្នុងពេលតែមួយ។ SAMP/T ជាប្រព័ន្ធការពារដែនអាកាសតែមួយគត់ផលិតដោយអឺរ៉ុបដែលអាចស្ទាក់ចាប់មីស៊ីលបាលិស្ទីគ។

គួរបញ្ជាក់ថា បារាំង និងអ៉ីតាលី បានរួមគ្នាប្រគល់ប្រព័ន្ធការពារដែនអកាស SAMP/T ដំបូង ទៅឱ្យអ៊ុយក្រែនកាលពីឆ្នាំ២០២៣។ តែប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនបានស្នើសុំជាច្រើនលើក ឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនផ្ដល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ខណៈខ្លួនកំពុងប្រឈមមុខនឹងការកើនឡើងនៃ ការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី លើបណ្ដាទីក្រុង និងហេរដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន៕